ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន និងអំពាវនាវឱ្យមានការផ្សះផ្សារវាងចិន និងតៃវ៉ាន់

image

ចិន៖ លោកស្រី ឆឹង លីវ៉ុន (Cheng Li-wun) ប្រធានគណបក្សគួមីនតាំង (KMT) ដែលជាបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេសចិនដីគោក តាមការអញ្ជើញជាពិសេសពីសំណាក់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំណើរទស្សនកិច្ចនេះ ត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាលើកដំបូងបង្អស់ក្នុងរយៈពេលជិតមួយទសវត្សរ៍ ដែលមេដឹកនាំបក្សគួមីនតាំង (KMT) កំពុងកាន់តំណែង បានឈានជើងជាន់ទឹកដីចិនដីគោក ដើម្បីពិភាក្សាជាផ្លូវការ ។

ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងណានជីង (Nanjing) លោកស្រី Cheng បានទៅគោរពវិញ្ញាណក្ខន្ធនៅឯវិមានតម្កល់សពរបស់លោកលោក ស៊ុន យ៉ាតសេន (Sun Yat-sen) ដែលជាបិតាស្ថាបនិកនៃប្រទេសចិនសម័យទំនើប។ នាឱកាសនោះ លោកស្រី បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព សមភាព និងសាមគ្គីភាព ដោយបានអំពាវនាវឱ្យភាគីទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ បោះបង់នូវអរិភាព ហើយងាកមកធ្វើការជាមួយគ្នាដើម្បីជំរុញការផ្សះផ្សា និងនាំមកនូវភាពរុងរឿងដល់តំបន់ទាំងមូលវិញ ។

ដំណើរទស្សនកិច្ចនេះ ត្រូវគេវិភាគថា ជាសញ្ញានៃការព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ ខណៈទំនាក់ទំនងរវាងរដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ន និងទីក្រុងប៉េកាំងកំពុងស្ថិតក្នុងភាពរកាំរកូសខ្លាំង។ យោងតាមគម្រោង លោកស្រី Cheng នឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដែលនៅទីនោះ គេរំពឹងថានឹងមានជំនួបកម្រិតខ្ពស់រវាងលោកស្រី និងលោក ស៊ី ជិនពីង ដើម្បីពិភាក្សាពីអនាគតនៃទំនាក់ទំនងឆ្លងច្រកសមុទ្រ ។

ទោះជាយ៉ាងណាក៏ដោយ ដំណើរស្វែងរកសន្តិភាពនេះ កំពុងកើតឡើងចំពេលដែលស្ថានភាពយោធារវាងចិន និងតៃវ៉ាន់កំពុងមានភាពប្រុងប្រយ័ត្នខ្ពស់ ដោយសារតែមានសេចក្ដីរាយការណ៍ពីការត្រៀមដាក់ពង្រាយសព្វាវុធធុនធ្ងន់នៅតាមកោះជួរមុខរបស់តៃវ៉ាន់។ ដូច្នេះ ជោគជ័យនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី ឆឹង លីវ៉ុន (Cheng Li-wun) នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយថា តើយន្តការការទូតរបស់បក្សប្រឆាំង អាចទប់ស្កាត់ហានិភ័យនៃជម្លោះប្រដាប់អាវុធបានកម្រិតណា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Kuomintang via AP/ Screenshot from VIORY’s video.