ព័ត៌មានអន្តរជាតិ

ក្រុមបាតុករនៅអ៊ីរ៉ាក់ សម្រុកចូលស្ថានកុងស៊ុលគុយវ៉ែត ក្រោយមានករណីផ្ទុះរ៉ុក្កែតសម្លាប់មនុស្ស៣នាក់

image

អ៊ីរ៉ាក់៖ ភាពតានតឹងបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងបាសស្រា ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៧ ខែមេសា នៅពេលដែលក្រុមបាតុករគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ (PMF) បានសម្រុកចូល និងបំផ្លិចបំផ្លាញស្ថានកុងស៊ុលគុយវ៉ែត។ បាតុកម្មដ៏ហិង្សានេះ កើតឡើងបន្ទាប់ពីមានការរាយការណ៍ថា មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីទិសដៅនៃប្រទេសគុយវ៉ែត បានធ្លាក់ចំតំបន់ស៊ីវិលក្នុងប្រទេសអ៊ីរ៉ាក់ បណ្ដាលឱ្យមនុស្ស ៣ នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ។

ក្រុមបាតុករ បានទាមទារឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់មានវិធានការណ៍ឆ្លើយតបជាបន្ទាន់ និងម៉ឺងម៉ាត់បំផុតចំពោះប្រទេសជិតខាងមួយនេះ ដោយពួកគេព្រមានថា បើរដ្ឋាភិបាលមិនមានចំណាត់ការទេ ពួកគេនឹងបន្តធ្វើសកម្មភាពតវ៉ាកាន់តែខ្លាំងក្លានៅថ្ងៃខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ាក់ បានអះអាងថា ស្ថានការណ៍ត្រូវបានគ្រប់គ្រងវិញហើយ បើទោះបីជាមានការប៉ះទង្គិចគ្នាបណ្ដាលឱ្យមានអ្នករងរបួសទាំងសងខាងក៏ដោយ ។

ភាគីប្រទេសគុយវ៉ែត បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់ថា ខ្លួនបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីសម្រាប់វាយប្រហារលើអ៊ីរ៉ាក់។ គុយវ៉ែតបានថ្កោលទោសការរំលោភបំពានលើស្ថានកុងស៊ុលខ្លួនថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាការទូតអន្តរជាតិ។ ប្រទេសអារ៉ាប់ដទៃទៀតក្នុងតំបន់ ក៏បានបង្ហាញសាមគ្គីភាពជាមួយគុយវ៉ែត និងអំពាវនាវឱ្យមានការគោរពដល់អធិបតេយ្យភាពនៃបេសកកម្មការទូតរបស់ពួកគេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.