ព័ត៌មានអន្តរជាតិ

ផ្ទុះកក្រើកជាយក្រុងបេរូត ខណៈអ៊ីស្រាអ៊ែលវាយប្រហារគោលដៅក្រុមហេសបូឡាហ៍ចំនួន ១០០ កន្លែងក្នុងរយៈពេលត្រឹមតែ ១០ នាទី

image

លីបង់៖ ស្ថានភាពសង្គ្រាមនៅក្នុងប្រទេសលីបង់ បានឈានដល់កម្រិតអាសន្នសារជាថ្មី បន្ទាប់ពីកងទ័ពអ៊ីស្រាអ៊ែលបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសដ៏ទ្រង់ទ្រាយធំបំផុតមួយ ទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។ យុទ្ធនាការនេះ បានធ្វើឡើងយ៉ាងគំហុក ដោយកម្ទេចមជ្ឈមណ្ឌលបញ្ជាការ និងមូលដ្ឋានយោធារបស់ក្រុមហេសបូឡាហ៍ជាង ១០០ កន្លែង ក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ ដែលបង្កឱ្យមានការផ្ទុះកក្រើក និងខូចខាតយ៉ាងដំណំ ។

ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងភ្លាមៗតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍។ ភាពមិនស៊ីសង្វាក់គ្នានេះ បានបង្ហាញឱ្យឃើញថា ទោះបីជាមានការសម្របសម្រួលផ្នែកការទូតនៅកម្រិតមហាអំណាចក៏ដោយ ក៏អរិភាពនៅលើសមរភូមិជាក់ស្ដែងរវាងអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេសបូឡាហ៍ នៅតែមិនទាន់មានសញ្ញាថមថយនៅឡើយ ។

រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មិនរាប់បញ្ចូលចំពោះយុទ្ធនាការនៅលីបង់នោះទេ។ អ៊ីស្រាអ៊ែល បានប្ដេជ្ញាបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡាហ៍រហូតដល់សម្រេចគោលដៅសន្តិសុខរបស់ខ្លួន ដែលមានន័យថា ប្រទេសលីបង់នឹងនៅតែជាសមរភូមិដ៏ក្ដៅគគុកដដែល បើទោះបីជាតំបន់ផ្សេងទៀតអាចនឹងមានការផ្អាកការប្រយុទ្ធគ្នាបណ្ដោះអាសន្នក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.