ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ រយៈពេល ១១ឆ្នាំមកនេះ គម្រោងមូសេហ្វូ បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្បៀង តាមរយៈជួយលើកកម្ពស់វិស័យសុខភិបាល និងកសិកម្មនៅកម្ពុជា

image

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងថា រយៈពេល ១១ឆ្នាំមកនេះ គម្រោងមូសេហ្វូ (MUSEFO) បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ តាមរយៈជួយលើកកម្ពស់វិស័យសុខភិបាល និងកសិកម្មនៅកម្ពុជា។

ការថ្លែងឲ្យដឹងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ត្រូវបានបិទបញ្ចប់ហើយនៅឆ្នាំ២០២៦ នេះ បន្ទាប់ពីបានចាប់ផ្ដើមអនុវត្តន៍កាលពីឆ្នាំ២០១៥ ដោយគម្រោងនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងកសិកម្មនៅកម្ពុជា ជាពិសេសនៅក្នុងទីជនបទផងដែរ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ក្នុងរយៈពេល ១១ឆ្នាំមកនេះ គម្រោង MUSEFO បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្បៀង និងអាហារូបត្ថម្ភរបស់ជនក្រីក្រ និងជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងខេត្តកំពត និងខេត្តកំពង់ធំ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយពង្រឹងប្រព័ន្ធស្បៀង ដើម្បីឲ្យពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសធ្វើឲ្យកាន់តែប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភនៅក្នុងឱកាសមាស ១ពាន់ថ្ងៃដំបូងនៃជីវិត តាមរយៈការធ្វើសកម្មភាពឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រួមមាន បញ្ហាកង្វះអាហារូបត្ថម្ភ, បញ្ហាកង្វះមីក្រូសារជាតិ និងបញ្ហាលើសទម្ងន់ ធាត់ជ្រុល ពោលគឺលើសអាហារូបត្ថម្ភ។

លោកទេសរដ្ឋមន្ត្រីបន្តថា សម្រាប់កម្មវិធីដែលគម្រោងខាងលើនេះ បានជួយការផ្ដល់សេវាលើកកម្ពស់សុខភាព និងសេវាអាហារូបត្ថម្ភ, ការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ ដោយការបង្កើនផលិតកម្មកសិកម្មចម្រុះមុខ ដំណាំសម្រាប់បរិភោគក្នុងគ្រួសារផង និងលក់នៅលើទីផ្សារផង, ការផ្ដល់ចំណេះដឹង និងធ្វើសកម្មភាព ដើម្បីផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម, អភិបាលកិច្ចលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងថា គម្រោង MUSEFO គឺបានផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម តាមរយៈការជួយរៀបចំផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ និងទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ការជួយឲ្យប្រជាពលរដ្ឋចេះបង្កើតឲ្យមានក្រុមសន្សំ សួនបន្លែតាមផ្ទះ និងការបង្កើតមុខរបរនៅតាមសហគមន៍ ជាដើម។ ទោះបីគម្រោងនេះ ត្រូវបានបិទបញ្ចប់ក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងមរតករបស់គម្រោងនេះ នឹងនៅជាមួយពលរដ្ឋកម្ពុជាជានិច្ច។

ជាមួយគ្នានេះ លោក Farid Selmi តំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ នៃសមិទ្ធផលសម្រេចបានពីគម្រោង MUSEFO ក្នុងរយៈពេលជាងមួយទសវត្សនេះ ជាមួយនឹងការអះអាងថា បន្ទាប់ពីគម្រោងនេះបានបិទបញ្ចប់ ហើយគម្រោងថ្មី នឹងចូលមកដល់នាពេលខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

អត្ថបទ៖ ចេង ឆហួត