សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពីមាគ៌ាអប់រំសកល ដើម្បីគាំទ្រការរៀបចំអ្នកបន្តវេនអាជីវកម្ម និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ
ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញជាគណៈអធិបតីបើកសិក្ខាសាសាស្តីពី មាគ៌ាអប់រំសកលសម្រាប់គ្រួសារម្ចាស់អាជីវកម្ម ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអ៊ីស្គូលខេមបូឌា (E-School Cambodia) ក្នុងគោលបំណងជំរុញការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយមានការចូលរួមពីតំណាង ANIBT អូស្ត្រាលី iSkills Hub ព្រមទាំងម្ចាស់អាជីវកម្ម និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មជាច្រើនរូប។
ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលានេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសង្កត់ធ្ងន់ថា ការវិនិយោគលើការអប់រំអន្តរជាតិរបស់បុត្រធីតា គឺជា «ការវិនិយោគជាយុទ្ធសាស្ត្រ»។ ឯកឧត្តមឧកញ៉ា បានកត់សម្គាល់ថា តាមរយៈការសិក្សាក្នុងបរិយាកាសកម្រិតពិភពលោក ដូចជានៅប្រទេសអូស្ត្រាលី សិស្សានុសិស្សនឹងទទួលបាននូវផ្នត់គំនិត និងសមត្ថភាពអន្តរជាតិដែលចាំបាច់ ដើម្បីធ្វើទំនើបកម្មសហគ្រាសគ្រួសារ និងរួមចំណែកដល់គោលដៅអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឧកញ៉ា គូសបញ្ជាក់ថា សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ការរក្សានិរន្តរភាពអាជីវកម្មឱ្យបានគង់វង្សតជំនាន់ គឺជាបំណងប្រាថ្នាដ៏ធំបំផុត។ ការបង្កើតអាជីវកម្មឱ្យជោគជ័យគឺជារឿងពិបាក ប៉ុន្តែការរក្សាអាជីវកម្មឱ្យមាននិរន្តរភាពទៅជំនាន់ក្រោយ គឺរឹតតែមានភាពប្រឈមខ្លាំងជាងនេះទៅទៀត។ មូលហេតុចម្បងដែលនាំឱ្យអាជីវកម្មគ្រួសារភាគច្រើនជួបហានិភ័យ គឺការខ្វះចន្លោះក្នុងការរៀបចំផែនការបន្តវេន ឬការខកខានក្នុងការបណ្តុះបណ្តាល “មរតកចំណេះដឹង” ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ការវិនិយោគលើការសិក្សារបស់បុត្រធីតា គឺជាកត្តាចាំបាច់បំផុតដែលត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកបណ្ឌិត ចាន់ដ្រែន សែលវាដាស់ (Dr. Chandren Selvadass) នាយកប្រតិបត្តិ ANIBT ប្រចាំម៉ាឡេស៊ី ក៏បានផ្តល់នូវទស្សនទានអំពីការរៀបចំអ្នកបន្តវេនអាជីវកម្ម ដោយបញ្ជាក់ថា សម្រាប់គ្រួសារម្ចាស់អាជីវកម្ម ការអប់រំមិនមែនគ្រាន់តែជាការទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំមនុស្សជំនាន់ក្រោយឱ្យចេះទទួលខុសត្រូវហ៊ានសម្រេចចិត្ត ចេះគ្រប់គ្រងភាពស្មុគស្មាញនៃពិភពលោក និងអាចរក្សាមរតកគ្រួសារដោយបញ្ញា និងទំនុកចិត្ត។
លោកបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា អ្នកបន្តវេនមិនមែនកើតឡើងដោយស្វ័យប្រវត្តិតាមរយៈរង្សត្រកូលនោះទេ គឺត្រូវតែអភិវឌ្ឍ តាមរយៈការស្វែងយល់ពីពិភពលោក ការអប់រំ ភាពចាស់ទុំ ការចេះវិនិច្ឆ័យ ជំនាញទំនាក់ទំនង និងទស្សនៈវិស័យអន្តរជាតិ។ លោកបណ្ឌិតបានបន្ថែមថា ការបញ្ជូនកូនទៅកាន់មជ្ឈដ្ឋានអន្តរជាតិដោយគ្មានការត្រៀមលក្ខណៈ គឺជាកំហុសមួយដែលអាចខាតបង់ច្រើន ដូច្នេះការរៀបចំតាមមាគ៌ាដែលបានគិតគូរល្អិតល្អន់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតកូនៗ និងស្ថាប័នគ្រួសារ។
សូមបញ្ជាក់ថា អង្គសិក្ខាសាលាទាំងមូលបានជជែកពិភាក្សាលម្អិតអំពីការត្រៀមលក្ខណៈ និងមូលដ្ឋានគ្រឹះនានាដែលចាំបាច់សម្រាប់បណ្តុះបណ្តាល និងបញ្ជូនបុត្រធីតាទៅសិក្សានៅក្រៅប្រទេសជាពិសេសប្រទេសអូស្ត្រាលី។ ក្នុងនោះ ក៏មានការធ្វើបទបង្ហាញដោយ តំណាងក្រុមហ៊ុនអ៊ីស្គូល ខេមបូឌា ផងដែរ ស្តីពីកម្មវិធីសិក្សាមូលដ្ឋានគ្រឹះរយៈពេល ៦ខែ និងបទពិសោធន៍ជោគជ័យនៅតាមបណ្តាប្រទេសនានា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត