ការវាយប្រហារនៅតាមប្រទេសឈូងសមុទ្រនៅតែបន្តកើតមាន ទោះបីជាមានការប្រកាសបទឈប់បាញ់រួចហើយក៏ដោយ
មជ្ឈិមបូព៌ា៖ មានសេចក្តីរាយការណ៍អំពីការវាយប្រហារនៅក្នុងប្រទេសមួយចំនួន ចាប់តាំងពីការប្រកាសបទឈប់បាញ់។
នៅឯប្រទេសអ៊ីរ៉ង់ បណ្ដាញសារព័ត៌មានអាម៉េរិក បានរាយការណ៍ដោយស្រង់សម្ដីមន្ត្រីអ៊ីស្រាអ៊ែលម្នាក់ថា អ៊ីស្រាអ៊ែលនៅតែបន្តវាយប្រហារលើអ៊ីរ៉ង់រហូតមកដល់ព្រឹកថ្ងៃពុធនេះ។ ការវាយប្រហារនេះ កើតឡើង ទោះបីជាមានការបញ្ជាក់ពីសេតវិមានទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ៊ីស្រាអ៊ែលក៏បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះដែរ ។
នៅប្រទេសអ៊ីស្រាអ៊ែល ក៏មានសេចក្តីរាយការណ៍ដូចគ្នាដែរ ជុំវិញការវាយប្រហារក្នុងទីក្រុងយ៉េរ៉ូសាឡឹម ដោយអ្នកយកព័ត៌មាន BBC ប្រចាំទីក្រុងនោះ និយាយថា ពួកគេបានឮ និងមានអារម្មណ៍ពីការផ្ទុះជាច្រើនលើក ។
នៅប្រទេសបារ៉ែនឯណោះវិញ ក្រសួងមហាផ្ទៃ បាននិយាយថា «សម្លេងស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើង» ហើយបានជំរុញឱ្យប្រជាជនប្រញាប់ស្វែងរកទីជម្រកសុវត្ថិភាព ។
ស្របពេលនៅប្រទេសកាតា ក្រសួងការពារជាតិកាតា បានបង្ហោះសារនៅលើបណ្ដាញសង្គមថា មីស៊ីលដែលតម្រង់មកកាន់ប្រទេសរបស់ខ្លួន ត្រូវបានបាញ់ស្ទាក់កម្ទេចចោលដោយជោគជ័យ ។
ដោយឡែក ក្រសួងការពារជាតិអារ៉ាប់រួម បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសនេះ កំពុងដោះស្រាយជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនដែលហោះចូលមកពីប្រទេសអ៊ីរ៉ង់ ។
ទន្ទឹមគ្នានោះ មន្ត្រីការពារស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត បានចេញការព្រមានយ៉ាងហោចណាស់ពីរលើកក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ ប៉ុន្តែការព្រមានលើកដំបូងត្រូវបានលុបចោលវិញ បន្ទាប់ពីស្ថានភាពបានធូរស្រាល នេះបើយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម និងអ្នកយកព័ត៌មាន BBC ប្រចាំទីក្រុងរីយ៉ាដ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ BBC News | រូបភាព៖ BBC/ Getty Images/ (AP Photo/Rod Lamkey, Jr.)