សម្តេច ម៉ែន សំអន អញ្ជើញប្រគល់ផ្ទះ ៥០ ខ្នង ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ក្នុងស្មារតីចងចាំ និងតបស្នងសងគុណចំពោះវីរយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញប្រគល់ផ្ទះចំនួន ៥០ខ្នង ជូនដល់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។
លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា ការផ្តល់ផ្ទះនាពេលនេះ គឺជាសក្ខីភាពនៃ «វប្បធម៌ដឹងគុណ» យ៉ាងពិតប្រាកដចំពោះវីរយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងចលនាតស៊ូរំដោះជាតិចាប់តាំងពីឆ្នាំ១៩៧៨ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ។
លោកអភិបាលខេត្ត បានបន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តត្បូងឃ្មុំ មានសមាជិកសមាគមអតីតយុទ្ធជនសរុប ២.៣១៤នាក់។ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ សមាគមបានបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ និងធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន សរុបជាង ១៣០លានរៀល។ ទន្ទឹមនេះ ខេត្ត ក៏មានទីតាំងដីសម្បទានសង្គមកិច្ចចំនួន ៦កន្លែង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដើម្បីបន្តសាងសង់ជម្រកសមរម្យជូនគាត់ជាបន្តបន្ទាប់ ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់យុទ្ធមិត្ត ។
សម្តេច បានបញ្ជាក់ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ ១៩៧៨ គឺជាគោលនយោបាយដ៏ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី បានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត ។
ជាការឆ្លើយតបអតីតយុទ្ធមិត្តដែលបានទទួលផ្ទះនៅខេត្តត្បូងឃ្មុំ បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ៕
អត្ថបទ៖ សុខ ផន