ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាម៉េរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា Cope Thunder Philippines 26-1 ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងជំនាញប្រយុទ្ធ

image


ហ្វីលីពីន៖ កងទ័ពអាកាសសហរដ្ឋអាម៉េរិក និងហ្វីលីពីន កាលពីដើមសប្ដាហ៍នេះ បានចាប់ផ្ដើមសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា ខូបសាន់ឌ័រ ហ្វីលីពីន ២៦-១ (Cope Thunder Philippines 26-1) ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ទប់ស្កាត់ជម្លោះ និងសហការគ្នាក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សមយុទ្ធរួមគ្នានេះ នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ ។


តំណាងកងទ័ពអាកាសប៉ាស៊ីហ្វិករបស់អាម៉េរិក លោកឧត្តមសេនីយ៍ត្រី ហ្វីលីព ម៉ាឡូរី (Phillip Mallory) បញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការហ្វឹកហាត់បច្ចេកទេសយោធាប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានសហការគ្នាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ។


សមយុទ្ធនៅឆ្នាំនេះ សហរដ្ឋអាម៉េរិក បានបញ្ជូនយន្តហោះចម្បាំងទំនើប F-22 រ៉េបទ័រ (Raptors) មកចូលរួម ដែលជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខក្នុងតំបន់។ ជាមួយគ្នានេះ កងទ័ពអាកាសហ្វីលីពីន ក៏បានបញ្ជូនយន្តហោះចម្បាំង FA-50PH របស់ខ្លួនមកហ្វឹកហាត់រួមគ្នាដែរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងជំនាញប្រយុទ្ធតាមអាកាសឱ្យកាន់តែមានប្រសិទ្ធភាព ។


សមយុទ្ធ ខូបសាន់ឌ័រ (Cope Thunder) មានប្រវត្តិតាំងពីឆ្នាំ ១៩៧៦ មកម៉្លេះ ទោះបីជាធ្លាប់ត្រូវបានផ្អាកមួយរយៈធំកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដោយ។ ការចាប់ផ្ដើមឡើងវិញនូវសមយុទ្ធនេះ ឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ក្នុងការរក្សាស្ថិរភាព និងទប់ស្កាត់រាល់ការគំរាមកំហែងនានាដែលកំពុងកើតមានឡើងនៅក្នុងតំបន់សមុទ្រ និងដែនអាកាសប៉ាស៊ីហ្វិក ។


ក្រៅពីប្រទេសទាំងពីរ ក៏នឹងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសសំខាន់ៗផ្សេងទៀតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមមានប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ថៃ អូស្ត្រាលី និងជប៉ុន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ការចូលរួមពីសំណាក់បណ្តាប្រទេសជាច្រើននេះ បញ្ជាក់ឱ្យឃើញថា សមយុទ្ធនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគី ដែលមានគោលដៅរួមគ្នាក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.