គ្រូពេទ្យ និងបញ្ញវន្តអ៊ីរ៉ង់ ថ្កោលទោសការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ថាជាការវាយប្រហារលើមនុស្សជាតិ
អ៊ីរ៉ង់៖ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងបញ្ញវន្តអ៊ីរ៉ង់ជាច្រើនរូប បានចេញមុខមកជួបជុំគ្នាតវ៉ាយ៉ាងខ្លាំងក្លានៅទីក្រុងតេហ៍រ៉ង់ ដើម្បីថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលបានប៉ះចំគោលដៅស៊ីវិលយ៉ាងខ្លាំងក្លា។ ក្រុមអ្នកតវ៉ា បានចាត់ទុកសកម្មភាពយោធានេះថាជា «ការវាយប្រហារលើមនុស្សជាតិ» ដោយសារតែវាបានបំផ្លិចបំផ្លាញមន្ទីរពេទ្យ និងគ្រឹះស្ថានសិក្សាជាច្រើនទីតាំង ដែលជាកន្លែងផ្ដល់សេវាសង្គ្រោះ និងចំណេះដឹងដល់ប្រជាពលរដ្ឋ ។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក សាហ៊ីន អាឃុនហ្យាដេហ៍ (Shahin Akhundzadeh) បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់កុមារ និងសិស្សសាលារាប់រយនាក់ ដោយលោកបានរិះគន់សហគមន៍អន្តរជាតិថាមានភាពព្រងើយកន្តើយមិនព្រមចេញមុខទប់ស្កាត់។ លោកសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិនានា បានបរាជ័យក្នុងការការពារសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ ក្នុងគ្រាដែលអ៊ីរ៉ង់កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។
យោងតាមទិន្នន័យពីសមាគមអឌ្ឍចន្ទក្រហម ជម្លោះដែលបានផ្ទុះឡើងតាំងពីចុងខែកុម្ភៈនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់ជិត ២,០០០ នាក់ និងរបួសរាប់ម៉ឺននាក់។ ក្រៅពីការបាត់បង់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន សាលារៀនជាង ៧០០ កន្លែង និងមជ្ឈមណ្ឌលសុខភាពជាង ៣០០ កន្លែង ត្រូវបំផ្លិចបំផ្លាញ ដែលខាងលើនេះ មន្ត្រីអ៊ីរ៉ង់បានចាត់ទុកថាជា «បទឧក្រិដ្ឋសង្គ្រាម» មិនអាចអត់ឱនឱ្យបានឡើយ ។
វិបត្តិនេះ មិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតមនុស្សនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំខានដល់ផ្លូវដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ ហ័រមូស (Hormuz) ថែមទៀតផង។ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលនេះ បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងបង្កក្ដីព្រួយបារម្ភដល់គ្រប់បណ្ដាប្រទេសទាំងអស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.