ព័ត៌មានអន្តរជាតិ

លុយនឹងលែងមានន័យ បើគ្មានអាហារលក់! សេដ្ឋវិទូអូស្ត្រាលីព្រមានពីមហន្តរាយស្បៀងអាហារ បង្កដោយជម្លោះនៅអ៊ីរ៉ង់ និងជំរុញមនុស្សឱ្យពឹងផ្អែកលើខ្លួនឯងឱ្យបានច្រើន

image


អូស្រ្តាលី៖ សេដ្ឋវិទូឈានមុខគេមួយរូបរបស់អូស្ត្រាលី លោក ស្ទេវ ឃីន (Steve Keen) បានចេញមុខព្រមានយ៉ាងធ្ងន់ៗថា ពិភពលោកកំពុងឆ្ពោះទៅរកគ្រោះអត់ឃ្លានទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក។ មូលហេតុចម្បង គឺដោយសារតែការបិទផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ដឹកជញ្ជូនវត្ថុធាតុដើមសំខាន់ៗ ដើម្បីផលិតជីកសិកម្មដែលផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ។


ការព្រមាននេះ ផ្អែកលើការពិតដែលថា កសិកម្មសម័យទំនើបពឹងផ្អែកទាំងស្រុងលើជីគីមី ដើម្បីចិញ្ចឹមមនុស្ស ៨ ពាន់លាននាក់។ ប្រសិនបើខ្សែច្រវាក់ផ្គត់ផ្គង់ជីត្រូវកាត់ផ្ដាច់ ផែនដីអាចមានសមត្ថភាពផលិតអាហារចិញ្ចឹមមនុស្សបានត្រឹមតែ ១ ភាគ ៤ ប៉ុណ្ណោះ ដែលនេះមានន័យថា មនុស្សរាប់ពាន់លាននាក់ផ្សេងទៀត នឹងត្រូវប្រឈមមុខនឹងការអត់ឃ្លាន ។


លោក ឃីន (Keen) កត់សម្គាល់ថា ២០ ទៅ ៣០ % នៃជីកសិកម្មពិភពលោក មានប្រភពមកពីតំបន់មជ្ឈិមបូព៌ា។ ការបាត់បង់ចំណែកទីផ្សារដ៏ធំនេះ នឹងធ្វើឱ្យទិន្នផលកសិកម្មសកលធ្លាក់ចុះភ្លាមៗពី ១០ ទៅ ២៥ % ដោយនឹងបង្កជាវិបត្តិស្បៀងអាហារដែលមិនរើសមុខចំពោះអ្នកមាន ឬអ្នកក្រឡើយ គឺនឹងប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ក្នុងពេលតែមួយ ។


ស្ថានភាពនេះកាន់តែអាក្រក់សម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចូលដូចជាអូស្ត្រាលី និងឥណ្ឌា។ គេរំពឹងថា ប្រទេសឥណ្ឌា នឹងក្លាយជាប្រទេសដំបូងគេដែលអស់ជីប្រើប្រាស់ និងប្រឈមនឹងគ្រោះអត់ឃ្លានមុនគេ ខណៈអូស្ត្រាលី ក៏កំពុងបារម្ភពីការបាត់បង់ទិន្នផលដំណាំរហូតដល់ ៥០% ប្រសិនបើមិនអាចរកប្រភពជីថ្មី មកជំនួសបានទាន់ពេលនោះទេ ។


អង្គការស្បៀងអាហារពិភពលោក (WFP) ក៏បានបង្ហាញក្ដីបារម្ភដូចគ្នាដែរ ដោយបានប៉ាន់ប្រមាណថា ចំនួនមនុស្សដែលប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំង នឹងកើនឡើងដល់ ៤៥ លាននាក់បន្ថែមទៀតនៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២៦។ ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ និងថ្លៃរស់នៅ នឹងធ្វើឱ្យក្រុមគ្រួសារដែលងាយរងគ្រោះ មិនមានសមត្ថភាពទិញអាហារមកទទួលទានជាបន្តទៀតបានឡើយ ។


ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីប្រទេសជិតខាង ដូចជាឥណ្ឌូណេស៊ី ដែលសន្យាជួយផ្គត់ផ្គង់ជីដល់អូស្ត្រាលីក៏ដោយ ក៏បរិមាណដែលមាន គឺនៅតិចតួចស្ដួចស្ដើងខ្លាំងណាស់ បើធៀបនឹងតម្រូវការជាក់ស្ដែង។ ការណ៍នេះ សបញ្ជាក់ឱ្យឃើញថា ពិភពលោកទាំងមូលមានភាពប្រទាក់ក្រឡាគ្នាខ្លាំងក្នុងខ្សែច្រវាក់ផលិតកម្ម ហើយជម្លោះនៅចំណុចណាមួយ នឹងរីករាលដាលដល់គ្រប់គ្នាទាំងអស់ ។


ជាការឆ្លើយតបទៅនឹងហានិភ័យនាពេលបច្ចុប្បន្ន អ្នកជំនាញរូបនេះ បានផ្ដល់ដំបូន្មានឱ្យពលរដ្ឋម្នាក់ៗ ចាប់ផ្ដើមរៀនរស់ដោយពឹងផ្អែកលើខ្លួនឯង ជាជាងពឹងផ្អែកទាំងស្រុងលើប្រព័ន្ធជាសកល។ ការបង្កើតប្រភពថាមពលផ្ទាល់ខ្លួន ដូចជាការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងការរៀនដាំដំណាំសម្រាប់ហូបចុកក្នុងគ្រួសារ គឺជាខែលការពារដ៏ល្អបំផុតក្នុងគ្រាដែល «លុយ» លែងអាចទិញអ្វីបាន ដោយសារតែទំនិញលែងមាននៅលើទីផ្សារ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Daily Mail | រូបភាព៖ The diary of the CEO/ AAP Image/ Reuters