ឯកអគ្គរដ្ឋទូតចិន៖ ចិនរីករាយបង្កើនការនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ពីកម្ពុជា ខណៈការនាំចេញអង្កររបស់កម្ពុជាទៅចិន កើនឡើង ១៤១% ក្នុងរយៈពេល ៣ខែដំបូងឆ្នាំនេះ
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញការសប្បាយរីករាយ ចំពោះលទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល ៣ខែដំ បូងឆ្នាំនេះ មានអត្រាកំណើនគួរឱ្យកត់សម្គាល់។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក វ៉ាង វីនពីន បានលើកឡើងថា យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករចំនួន ៨,៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦,៣៨លានដុល្លារ ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានក្រុមហ៊ុនចិនកាន់តែច្រើន បានចុះកិច្ចព្រមព្រៀងទិញកសិផលដោយផ្ទាល់ពីកម្ពុជា ដូចជា ផ្លែស្វាយ ដំណាប់ស្វាយ ដំឡូងមី ទុរេន និងគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅទីផ្សារចិន ខណៈកន្លងមក ការទិញជាច្រើនត្រូវធ្វើតាមរយៈប្រទេសទីបី ដូចជា វៀតណាម និងថៃ។
បន្ថែមពីនេះ ក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន ក៏បានបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងការបង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកការនាំចេញទៅទីផ្សារចិន និងអន្តរជាតិ។ ការវិនិយោគទាំងនេះត្រូវបានមើលឃើញថា ជាចំណុចសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
បើតាមលោក វ៉ាង វិនពីន ធ្លាប់បានលើកឡើងនាពេលកន្លងមកថា បច្ចុប្បន្ននេះ យ៉ាងហោចណាស់មានកសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សូមជម្រាបថា មុខទំនិញដែលកម្ពុជា នាំចេញទៅប្រទេសចិន ភាគច្រើន គឺជាផលិតផលកសិកម្ម។ ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលពីប្រទេសចិន រួមមាន៖ វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងសំណង់, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧប ភោគបរិភោគ ជាដើម។
កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅឆ្នាំ២០២០ និងបានចូលជាធរមានជាផ្លូវការ នៅថ្ងៃទី ១ខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ប្រទេសចិន ក៏ជាដៃគូពាណិជ្ជកម្មសេរីរបស់កម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ថ្នាក់តំបន់ (RCEP) ក្នុងចំណោមប្រទេសទំាង ១៥ ដែលមានប្រទេសអាស៊ានទាំង ១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់៕