ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញឱ្យអស់លទ្ធភាព ពិសេសសហការជាមួយពលរដ្ឋ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋាន

image



ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ប្រើប្រាស់ជំនាញរបស់ខ្លួននៅតាមខណ្ឌឱ្យអស់លទ្ធភាព ពិសេស សហការជាមួយប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។

ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី០៧ មេសា២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបាននឹងកំពុងអនុវត្ត សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញគ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំ។ជឿថា ១ខែឬ២ខែទៀត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចនឹងអស់ពីរាជធានីភ្នំពេញ។”

លោក ឃួង ស្រេង បានបន្តទៀតថា ខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានចូលរួមសហការ ព្រោះគ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ។ ត្រូវស៊ើបអង្កេតរកទីតាំង Online Scams។ តាមបទបញ្ជាលេខ០១ កុំថាឡើងពាក់ព័ន្ធជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូម្បីតែមិនអនុវត្តតាមបទបញ្ជាលេខ០១នេះ ក៏ខុសដែរ។ ដូច្នេះយើងត្រូវប្រើប្រាស់គ្រប់ឱ្យអស់មធ្យោបាយ ទាំងការផាកពិន័យ និងការដាក់ទោសទណ្ឌទៅលើម្ចាស់ទីតាំងជាដើម ដើម្បីឈានទៅបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឱ្យអស់ពីរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានបង្ក្រាបជាបន្តបន្ទាប់ ដោយគិតពីថ្ងៃទី៣ ខែកុម្ភៈ មកដល់ថ្ងៃទី០៧ មេសានេះ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១១៦៥នាក់ ក្នុងនោះ បានបញ្ជូនទៅតុលាការចំនួន ២២ករណី ស្មើនិង១៤០នាក់ មានខ្មែរចំនួន៥៩នាក់ ដើម្បីដាក់ទោសទៅតាមច្បាប់៕