សេដ្ឋកិច្ច

ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករ និងស្រូវ ៦៤០លានដុល្លារ

image

ភ្នំពេញ៖ ក្នុងត្រីមាសទី ១ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញអង្ករ និងស្រូវ សរុបបានប្រមាណ ៦៤០លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ទិន្នន័យដដែលបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជា នាំចេញអង្ករបានប្រមាណជាង ៣៦ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ២០៧លានដុល្លារអាម៉េរិក និងនាំចេញស្រូវប្រមាណជាង ២លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៤៣៣លានដុល្លារអាម៉េរិក។

កម្ពុជា បាននាំចេញអង្ករទៅកាន់ ៥៦គោលដៅ តាមរយៈក្រុមហ៊ុនចំនួន ៥៨ ដែលភាគច្រើនទៅកាន់ប្រទេសសមាជិកអាស៊ានជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៥៦លានដុល្លារអាម៉េរិក ប្រទេសក្នុងទ្វីបអឺរ៉ុប ជិត ១០ម៉ឺនតោន មានតម្លៃជាង ៦៨លានដុល្លារអាម៉េរិក ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តជិត ៩ម៉ឺនតោន មានតម្លៃជាង ៥៦ម៉ឺនតោន និងប្រទេសផ្សេងៗទៀត ដូចជា អាហ្វ្រិក មជ្ឈិមបូព៌ា។ល។ ប្រមាណជិត ៣ម៉ឺនតោន មានតម្លៃជាង ២៦លានដុល្លារអាម៉េរិក។

ប្រភេទអង្ករនាំចេញ មានដូចជា អង្ករក្រអូបគ្រាប់វែងជាង ៦០% អង្ករបាក់គ្រប់ប្រភេទជាង ២១% អង្ករសគ្រាប់វែងជាង ១៦% អង្ករចំហុយជាង ១% អង្ករសរីរាង្គជិត ១% និងអង្ករផ្សេងៗទៀត ០,២%៕