ព័ត៌មានជាតិ

មន្ត្រីជំនាញ អះអាងថា បន្លែនិងផ្លែឈើ ដែលលក់ក្នុងទីផ្សារខេត្តបន្ទាយមានជ័យ ប្រមាណ ៨០ភាគរយ គឺដាំក្នុងស្រុក

image

បន្ទាយមានជ័យ៖ បន្លែផ្លែឈើដែលលក់ក្នុងទីផ្សារប្រមាណ ៨០ភាគរយ ដាំក្នុងស្រុកនៅខេត្តបន្ទាយមានជ័យ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា បន្លែផ្លែឈើដែលលក់ក្នុងទីផ្សារខេត្តបន្ទាយមានជ័យ មានជិត ៨០ភាគរយ ត្រូវបានដាំក្នុងស្រុក មានបន្លែស្លឹក មើម និងផ្លែ ដែលប្រជាកសិករដាំភាគច្រើននៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា បន្លែ ផ្លែឈើដែលនាំចូលមកលក់ក្នុងទីផ្សារខេត្តបន្ទាយមានជ័យមានដូចជា ផ្លែឈើ គឺមានប្រមាណជា ២០ភាគរយ ដែលនាំចូលពីប្រទេសចិន និងវៀតណាម និងផ្លែឈើក្នុងស្រុកមានដូចផ្លែទុរេន សាវម៉ាវ ផ្លែមៀន និងផ្លែឈើផ្សេងៗ។

លោក ប៉ុក ឡៃជី ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទំនិញ បន្លែ ផ្លែឈើ ដែលកំពុងដាក់លក់ទីផ្សារក្នុងខេត្តបន្ទាយមានជ័យ បានដាំក្នុងស្រុកភាគច្រើនជាបន្លែស្លឹក និងមើម ហើយប្រមាណ ២០ ភាគរយ ត្រូវបាននាំចូលពីប្រទេសចិន និងវៀតណាម បើប្រៀបធៀបតំលៃមិនខុសគ្នាប៉ន្មានទេ ព្រោះការដាំដុះប្រជាកសិករទទួលបានការបណ្តុះបណ្តាល និងណែនាំមន្ត្រីជំនាញទើបទទួលបានផលប្រសើរឡើងនិងមានគុណភាព៕