ព័ត៌មានអន្តរជាតិ

OPEC+ នឹងបង្កើនផលិតកម្មប្រេង ខណៈ តម្លៃប្រេងអាចហក់ឡើងដល់ ១៥០ ដុល្លារ បើសង្គ្រាមនៅតែបន្តអូសបន្លាយ

image



មូស្គូ៖ ក្រុមប្រទេសនាំចេញប្រេង OPEC+ បានសម្រេចចិត្តដំឡើងកូតាផលិតកម្មប្រេងចំនួន ២០៦,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែឧសភាខាងមុខ។ ទោះជាយ៉ាងណាក្ដី ការសម្រេចចិត្តនេះ ត្រូវគេមើលឃើញថាគ្រាន់តែជាការបង្ហាញឆន្ទៈលើក្រដាសស្នាមប៉ុណ្ណោះ ព្រោះសមាជិកសំខាន់ៗភាគច្រើនកំពុងផុងខ្លួនក្នុងវិបត្តិសង្គ្រាមដែលមិនអាចបង្កើនការផលិតពិតប្រាកដបាន ។

មូលហេតុចម្បងដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកជួបវិបត្តិ គឺដោយសារតែការបិទច្រកសមុទ្រ ហ័រមូស (Hormuz) តាំងពីចុងខែកុម្ភៈ ដែលជាលទ្ធផលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។ ការបិទផ្លូវទឹកយុទ្ធសាស្ត្រនេះ បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។

បញ្ហាប្រឈមមិនត្រឹមតែស្ថិតនៅលើការបិទផ្លូវដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងនៅក្នុងតំបន់ឈូងសមុទ្រ ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយមីស៊ីល និងដ្រូន។ អ្នកជំនាញ ព្រមានថា ទោះបីជាសង្គ្រាមបញ្ចប់នៅថ្ងៃនេះ ក៏គេត្រូវចំណាយពេលជាច្រើនខែដើម្បីជួសជុលឧបករណ៍ និងទាញសមត្ថភាពផលិតឱ្យមកសភាពដើមវិញដែរ ។

ប្រទេសរុស្ស៊ី ដែលជាសមាជិកដ៏មានឥទ្ធិពលក្នុងក្រុម OPEC+ ក៏មិនអាចជួយបំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់បានដែរ ដោយសារតែរងសម្ពាធពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងការខូចខាតរោងចក្រប្រេងក្នុងជម្លោះជាមួយអ៊ុយក្រែន។ ស្ថានភាពនេះ កាន់តែធ្វើឱ្យការផ្គត់ផ្គង់ប្រេងសកលស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំង។

ទោះបីជាមានភាពតានតឹង ក៏មានសញ្ញាវិជ្ជមានបន្តិចបន្តួចនៅពេលដែលអ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងរបស់អ៊ីរ៉ាក់ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនដឹកជញ្ជូនភាគច្រើននៅតែមានភាពរារែក និងមិនទាន់ហ៊ានប្រថុយប្រថានបញ្ជូននាវាឆ្លងកាត់តំបន់ដែលមានហានិភ័យខ្ពស់បែបនេះនៅឡើយទេ។

ពិភពលោកកំពុងប្រឈមនឹងការកាត់ផ្ដាច់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលស្មើនឹង ១៥% នៃតម្រូវការសរុប។ ប្រសិនបើវិបត្តិនៅច្រកសមុទ្រ Hormuz នៅតែបន្តអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា តម្លៃប្រេងអាចនឹងហក់ឡើងដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល ដែលនឹងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់នៅទូទាំងសកលលោកតែម្ដង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ ( Reuters/Leonhard Foeger)/ Clara ho on CNA/ (REUTERS/Benoit Tessier)/ edition.cnn on Microsoft Bing