សេដ្ឋកិច្ច

រដ្ឋបន្តទទួលបន្ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើប្រេងម៉ាស៊ូត និងឧស្ម័ន LPG ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ

image

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការចាត់ជាបន្ទុករបស់រដ្ឋលើអាករលើតម្លៃបន្ថែម (VAT) ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ក្នុងគោលបំណងបន្តជួយសម្រួលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈតម្លៃថាមពលនៅលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការកើនឡើង។

តាមសេចក្តីណែនាំនេះ រាជរដ្ឋាភិបាល បានសម្រេចទទួលបន្ទុក VAT ១០% ទាំងស្រុង ជំនួសឲ្យអ្នកប្រើប្រាស់ចុងក្រោយ និងអាជីវកម្ម ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG នៅក្នុងស្រុក។

សម្រាប់សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវអនុវត្តតាមវិធានការថ្មី ដោយចេញវិក្កយបត្រអាករ ប៉ុន្តែមិនត្រូវគិត VAT ទៅលើអតិថិជនទេ ហើយត្រូវបង្ហាញថា “អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ” ជំនួសអត្រា ១០%។ ចំពោះអតិថិជនជាអ្នកប្រើប្រាស់ចុងក្រោយ ត្រូវចេញវិក្កយបត្រធម្មតា ដោយមិនបញ្ចូល VAT ក្នុងតម្លៃលក់។

ក្រៅពីនេះ សហគ្រាសត្រូវបំពេញការប្រកាសពន្ធប្រចាំខែតាមប្រព័ន្ធអនឡាញ (e-Filing) ដោយជ្រើសរើសប្រភេទផ្គត់ផ្គង់ជា “VAT ជាបន្ទុករបស់រដ្ឋ”។ ជាមួយគ្នានេះ អាករលើតម្លៃបន្ថែមដែលបានបង់លើការនាំចូល ឬទិញក្នុងស្រុក អាចត្រូវបានគណនាជាឥណទានអាករលើធាតុចូល តាមបទប្បញ្ញត្តិជាធរមាន។

សេចក្តីណែនាំនេះ មានសុពលភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចថ្មីពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងសាំងធម្មតា នៅតែអនុវត្តតាមសេចក្តីណែនាំមុន ដែលបានចេញកាលពីខែមីនា ឆ្នាំ២០២៦។

វិធានការនេះ ត្រូវបានរំពឹងថា នឹងជួយទប់ស្កាត់ការឡើងថ្លៃថាមពលក្នុងស្រុក និងបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម៕