មនុស្សរាប់រយនាក់នៅអ៊ីតាលី ចេញដង្ហែរក្បួនប្រឆាំងច្បាប់កាត់ទោសប្រហារជីវិតរបស់អ៊ីស្រាអ៊ែលលើជនជាតិប៉ាឡេស្ទីន
អ៊ីតាលី៖ មនុស្សរាប់រយនាក់ បានចូលរួមក្នុងមហាបាតុកម្មគាំទ្រប៉ាឡេស្ទីននៅទីក្រុងមីឡង់ដ៍ ប្រទេសអ៊ីតាលី កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់សភាអ៊ីស្រាអ៊ែល ដែលតម្រូវឱ្យមានទោសប្រហារជីវិត ចំពោះជនជាតិប៉ាឡេស្ទីនណាដែលត្រូវបានកាត់ទោសពីបទបង្កការវាយប្រហារ «ភេរវកម្ម» បណ្ដាលឱ្យមានមនុស្សស្លាប់ ។
កាលពីដើមសប្ដាហ៍មុន អ៊ីស្រាអ៊ែលបានអនុម័តច្បាប់ដែលកំណត់ទោសប្រហារជីវិតសម្រាប់ «ភេរវករ» ខណៈទោសប្រហារជីវិតត្រូវធ្វើឡើងដោយការព្យួរក ហើយច្បាប់នេះកំណត់ឱ្យអនុវត្តទោសក្នុងអំឡុង ៩០ ថ្ងៃ បន្ទាប់ពីការកាត់ទោសរួចរាល់។ ទោះជាយ៉ាងណាក្ដី ច្បាប់នេះ អនុញ្ញាតឱ្យមានទោសជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីចាំបាច់ខ្លះ ។
វិធានការថ្មីរបស់អ៊ីស្រាអ៊ែល ត្រូវអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប, និងអង្គការសិទ្ធិមនុស្សជុំវិញពិភពលោក ចេញមកថ្កោលទោសយ៉ាងខ្លាំង។ លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ លើកឡើងថា នេះគឺជាការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេរវកម្ម។ ចំណែកសហរដ្ឋអាម៉េរិក បានបង្ហាញការគាំទ្រចំពោះ «សិទ្ធិអធិបតេយ្យភាពរបស់អ៊ីស្រាអ៊ែល ក្នុងការកំណត់ច្បាប់ផ្ទាល់ខ្លួន» ។
បើតាមក្រុមឃ្លាំមើលក្នុងស្រុក ក្នុងរយៈពេលតែមួយខែចុងក្រោយនេះ កងកម្លាំងអ៊ីស្រាអ៊ែលបានបង្កហេតុការណ៍នានាជាង ៧,៣០០ ករណីលើជនជាតិប៉ាឡេស្ទីន រួមមានការសម្លាប់ ការឆ្មក់ចូល ការចាប់ខ្លួន និងការបំផ្លាញទ្រព្យសម្បត្តិ ជាការចោទប្រកាន់ដែលអ៊ីស្រាអ៊ែលបានបដិសេធ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.