របាយការណ៍រដ្ឋាភិបាលអ៉ីរ៉ង់៖ សំណង់ស៊ីវិលរាប់ម៉ឺនកន្លែងត្រូវខូចខាតក្នុងសង្គ្រាមរវាងអាម៉េរិក-អ៉ីរ៉ង់
អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ តាមរយៈសមាគមអឌ្ឍចន្ទក្រហម បានបញ្ចេញរបាយការណ៍ផ្លូវការដែលបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងតំបន់។ សំណង់ស៊ីវិលសរុបជាង ១០ ម៉ឺនខ្នង/កន្លែង ដែលរួមមានផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន និងបណ្ណាល័យ នៅក្នុងខេត្តចំនួន ១២ មានសេចក្ដីរាយការណ៍ថាទទួលរងនូវការខូចខាតយ៉ាងដំណំ បង្កជាមហន្តរាយដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។
ក្រៅពីនេះ វិស័យសុខាភិបាល ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដូចគ្នាដែរ ដោយមណ្ឌលសុខភាពចំនួន ៣២២ កន្លែងត្រូវបានបំផ្លាញ ដែលធ្វើឱ្យសមត្ថភាពក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះមានភាពស្មុគស្មាញ។ ការវាយប្រហារនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រតិបត្តិការយោធារួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីចុងខែកុម្ភៈ ដែលមានគោលដៅកម្ទេចកម្មវិធីអាវុធយុទ្ធសាស្ត្ររបស់ទីក្រុងតេហ៍រ៉ង់ ។
ស្ថានភាពនយោបាយ និងយោធានៅក្នុងតំបន់កាន់តែធ្លាក់ក្នុងភាពវឹកវរ ក្រោយមរណភាពរបស់មេដឹកនាំកំពូល លោក អាលី ខាមីនី (Ali Khamenei) និងការឡើងបន្តតំណែងដោយកូនប្រុសរបស់លោក។ ការផ្លាស់ប្តូរអ្នកដឹកនាំក្នុងគ្រាអាសន្ននេះ បាននាំឱ្យមានការចូលរួមសងសឹកពីសំណាក់ក្រុមហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់ ដែលធ្វើឱ្យជម្លោះនេះរីករាលដាលកាន់តែខ្លាំងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
ក្រៅពីការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ សង្គ្រាមនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក តាមរយៈភាពរអាក់រអួលនៃផ្លូវដឹកជញ្ជូនតាមសមុទ្រ ជាពិសេសច្រកសមុទ្រហ័រមូស (Hormuz)។ ការបិទច្រកផ្លូវទឹកដ៏សំខាន់នេះ បានធ្វើឱ្យលំហូរពាណិជ្ជកម្ម និងការដឹកជញ្ជូនថាមពលអន្តរជាតិជួបវិបត្តិ ដែលបណ្ដាលឱ្យមានក្ដីព្រួយបារម្ភកាន់តែខ្លាំងពីសំណាក់សហគមន៍អន្តរជាតិជុំវិញសន្តិសុខសកល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ edition.cnn on Microsoft Bing/ Reuters via NDTV on Microsoft Bing