សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះវឌ្ឍនភាពនៃការក្សាបាននូវនិរន្តរភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះវឌ្ឍនភាពនៃការក្សាបាននូវនិរន្តរភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ វណ្ណា ដោយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតសមាគមគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងសំខាន់គឺការរក្សាបាននូវនិរន្តរភាពសមាគមនេះ។
មានប្រសាសន៍លើកឡើងនេះក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ហើយក៏សូមអបអរសាទរចំពោះ លោក ហៃ វណ្ណា និងសហការីដែលបានបង្កើតសមាគមនេះឡើង ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ លោក ហៃ វណ្ណា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការីបានជួបសម្ដែងការគួរសម និងរាយការណ៍នៅក្នុងឱកាសនេះ។ លោកបានរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមសម្រេចបាននាពេលកន្លងមក ហើយជាពិសេសគឺគោលដៅរបស់សមាគមក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុននិងការជួយជ្រោមជ្រែងនៅលើផ្នែកផ្សេងៗទៀតរបស់សមាគមខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននោះ។
សម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព របស់សមាគម ហើយសម្ដេចក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការបង្កើតសមាគម ដោយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងសំខាន់គឺការរក្សាបាននូវនិរន្តរភាពសមាគមនេះ។
សម្ដេចសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងរក្សាបាននូវនិរន្តរភាព និងអាចពង្រីកនូវសាមគ្គីភាព នៃសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម