ព័ត៌មានជាតិ

អគ្គនាយកដ្ឋានព្រៃឈើ អះអាងថា មន្ត្រីរបស់ខ្លួន បានខ្នះខ្នែងចាត់វិធានការតាមនីតិវិធីជាក់ស្តែង ក្រោយទទួលបានការរាយការណ៍ពីបទល្មើសព្រៃឈើ ពីក្រុមលោក តាន់ គឹមសួរ

image

ក្រចេះ៖ អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីបំភ្លឺ ដោយអះអាងថា មន្ត្រីព្រៃឈើទាំងនៅសង្កាត់ ទាំងផ្នែក រួមទាំង មន្ត្រីថ្នាក់កណ្តាល បានខ្នះខ្នែងចាត់វិធានការតាមនីតិវិធីក្នុងស្ថានភាពជាក់ស្តែង ក្រោយទទួលបានការរាយការណ៍ពីបទល្មើសព្រៃឈើ ពីក្រុមលោក តាន់ គឹមសួរ។
ការបំភ្លឺនេះ បានធ្វើឡើងក្រោយការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលមានខ្លឹមសារថា លោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ មិនចាត់វិធានការចំពោះបទល្មើសព្រៃឈើ ។

ក្រោយការចោទប្រកាន់នេះ អគ្គនាយកដ្ឋានព្រៃឈើ បានសាកសួរដល់មន្ត្រីពាក់ព័ន្ធ គឺរកឃើញថា មន្ត្រីព្រៃឈើទាំង នៅសង្កាត់ ទាំងផ្នែក រួមទាំងមន្ត្រីថ្នាក់កណ្តាល បានខ្នះខ្នែងចាត់វិធានការតាមនីតិវិធីក្នុងស្ថានភាពជាក់ស្តែង។ បន្ទាប់ពីទទួលបានព័ត៌មានក្រៅម៉ោងធ្វើការ ហើយក្នុងស្ថានភាពប្រថុចញ៉ុច និងខ្វះមន្ត្រីគ្រប់គ្រាន់ ពិតណាស់ មន្ត្រីនៅសង្កាត់មិនអាចអនុវត្តបានភ្លាមពិតមែន តែមន្ត្រីជំនាញ ក៏បានចុះបង្ក្រាបតាមការរាយការណ៍ពីបទល្មើសព្រៃឈើពីក្រុមលោក តាន់ គឹមសួរ រួចរាល់ដែរ។ នេះយោងតាមសេចក្ដីបំភ្លឺអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ។

សេចក្ដីបំភ្លឺ បានបញ្ជាក់ថា ក្នុងករណីនេះ លោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ បានសហការជាសមត្ថកិច្ច និងក្រុមលោក តាន់ គឹមសួរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះដល់ទីតាំងគំនរឈើ ដែលត្រូវបានសង្ស័យថា ជាឈើខុសច្បាប់ និងបានចាត់វិធានការតាមនីតិវិធីរួចរាល់តាំងពីរំលងអធ្រាត្រថ្ងៃទី១៦ មកម៉្លេះ។ ជាលទ្ធផលនៃប្រតិបត្តិការនោះ សមត្ថកិច្ច និងមន្ត្រីជំនាញបានដកហូតឈើទាំងនោះជាវត្ថុចាប់យកតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងបានដឹកជញ្ជូនវត្ថុចាប់យកទាំងនោះ មករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ។

គួររំលឹកថា លោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ តែងតែសហការជាមួយក្រុមលោក តាន់ គឹមសួរ រាល់ពេលមានការរាយការណ៍អំពីបទល្មើសព្រៃឈើ មកនាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ។ ជាក់ស្ដែង កន្លងមក សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ បានសហការជាមួយក្រុមការងារលោក តាន់ គឹមសួរ បានចុះបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ៤ករណីរួចមកហើយ។

លោក រុន តូនី ថា ករណីចុងក្រោយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក មានការយឺតក្នុងការសហការជាមួយលោក តាន់ គឹមសួរ ដើម្បីចុះទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយសារលោកមានធុរៈទៅកម្មវិធីមង្គលការដែលមានចម្ងាយឆ្ងាយពីសង្កាត់រដ្ឋបាលព្រៃឈើ៕

អត្ថបទ៖ លោក សារី ណែត