FASMEC នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ដើម្បជំរុញការលក់ និងពង្រឹងការគាំទ្រផលិតផលជាតិ មុនពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ដើម្បីជំរុញការលក់ ការផ្សព្វផ្សាយ និងពង្រឹងការគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ ពិសេសក្នុងបរិបទបញ្ហាប្រ ឈមសេដ្ឋកិច្ចពិភពលោក និងចលនានៃការពហិកាមិនប្រើប្រាស់ទំនិញថៃ។
ព្រឹត្តិការណ៍នេះ នឹងប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានស្តង់តាំងបង្ហាញជាង ៣០០ស្តង់ និងផលិតផលចម្រុះរាប់រយមុខ ពីសហគ្រាស និងសិប្បកម្មក្នុងស្រុក។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា និង FASMEC នៅថ្ងៃទី៣ ខែមេសា ថា ការរៀបចំពិព័រណ៍លើកទី៣នេះ កើតឡើងតាមសំណូមពររបស់ម្ចាស់សហគ្រាស និងសិប្បកម្ម ដែលធ្លាប់ចូលរួមក្នុងពិព័រណ៍លើកមុនៗ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។
ឧកញ៉ា បានបន្តថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់សហគ្រាសដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យសិប្បកម្មថ្មីៗ អាចបង្ហាញផលិតផលរបស់ខ្លួនដល់សាធារណជន ដើម្បីបង្កើនការស្គាល់ និងពង្រីកទីផ្សារ។ ជាពិសេស ពិព័រណ៍នេះក៏ត្រូវបានរៀបចំឡើងស្របពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាពេលវេលាដែលតម្រូវការទំនិញកើនឡើង។
តាមបទពិសោធន៍ពីការរៀបចំលើកមុនៗ ឃើញថា ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ កើនឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈសហគ្រាសក្នុងស្រុកក៏បានកែលម្អការវេចខ្ចប់ ពង្រឹងគុណភាពផលិតផល និងគោរពតាមស្តង់ដាជាតិបានកាន់តែប្រសើរ។
ឧកញ៉ា បានបញ្ជាក់បន្ថែមថា ក្រៅពីការតាំងបង្ហាញ និងលក់ផលិតផល ពិព័រណ៍នេះក៏នឹងមានកិច្ចពិភាក្សាតុមូល ដើម្បីចែករំលែកចំណេះដឹងដល់សហគ្រាសធុនតូច និងមធ្យម (SME) រួមមានប្រធានបទអំពីហិរញ្ញប្បទាន ការលើកទឹកចិត្ត MSME ឲ្យចូលក្នុងប្រព័ន្ធផ្លូវការ និងការចុះបញ្ជីផលិតផលតាមស្តង់ដាជាតិ។
លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយសហគ្រាសក្នុងស្រុកស្វែងរកទីផ្សារ ពង្រីកបណ្តាញអាជីវកម្ម និងទាក់ទាញដៃគូវិនិយោគថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យសហគ្រាសនៅកម្ពុជា ឲ្យកាន់តែរឹងមាំ៕