រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្មក់ចុះពិនិត្យដោយផ្ទាល់ សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខេត្តព្រៃវែង
ព្រៃវែង៖ នៅវេលាម៉ោង ១២:៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយស្ថានីយជញ្ជីងអចល័ត ព្រៃព្នៅ ខេត្តព្រៃវែង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារឃាត់បានរថយន្តចំនួន ២គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន ដល់ ៨៨ តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ១៧តោន ដល់ ៤៣តោន គិតជាភាគរយ គឺលើសចន្លោះពី ៦៨% ដល់ ៩៥% នៃច្បាប់ ត្រូវពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០។
ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ការងារនៅតាមស្ថានីយជញ្ជីងអចល័ត លោករដ្ឋមន្ត្រី បានណែនាំត្រូវដំឡើងកាមេរ៉ាសុវត្ថិភាព(CCTV) នៅតាមស្ថានីយទាំងអស់ ហើយភ្ជាប់មកទីស្នាក់ការកណ្តាល គឺនៅទីតាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងភ្ជាប់មកទូរស័ព្ទដៃលោករដ្ឋមន្ត្រីផ្ទាល់។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ករណីមន្ត្រីមានជាប់ពាក់ព័ន្ធ ឬចូលរួមសកម្មភាពក្នុងការដឹកលើសទម្ងន់កម្រិតកំណត់នេះ ក្រសួងនឹងអនុវត្តអភិក្រមទី៥ គឺវះកាត់។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួង ក៏មានក្រុមការងារពិសេស ដើម្បីទប់ស្កាត់ បង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវាងស្ថានីយជញ្ជីង មិនចូលថ្លឹងឱ្យបានហ្មត់ចត់ជាទីបំផុត។ ជាមួយនេះ ក្រសួងមានផែនការដំឡើងស្លាកសញ្ញាសម្គាល់ ដើម្បីឱ្យអ្នកដឹកជញ្ជូនទាំងអស់ដឹងថានៅខាងមុខមានមន្រ្តី ជញ្ជីងចល័ត ដើម្បីទប់ស្កាត់រាល់សកម្មភាពដែលគេច វាង មិនចូលថ្លឹងនៅស្ថានីយ
លោករដ្ឋមន្ត្រី ក៏បានសូមសំណូមពរដល់ប្រជាពលរដ្ឋ អាជីវករ អ្នកដឹកជញ្ជូនទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ អនុវត្តច្បាប់ធ្វើយ៉ាងណាកុំដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពីពេលនេះតទៅ៕