លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ៖ ករណីលោក ចេន ហ្សី សមត្ថកិច្ចជំនាញ កំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ចូលជាទ្រព្យសម្បត្តិរដ្ឋ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា ករណីលោក ចេន ហ្សី ជាទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិដែលជាមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិដែលជាផលនៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្តីការក្រសួងយុត្តិធម៌។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានឱ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចជំនាញ កំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសមានច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះជាយុទ្ធនាការមួយ ដែលជាការប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីបំពេញកិច្ចការងារនេះ ប្រកបដោយការទទួលខុសត្រូវសម្រាប់ប្រទេសជាតិកម្ពុជា៕