លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អំពាវនាវដល់ពលរដ្ឋ បើមានបុគ្គលមិនស្គាល់ប្រវត្តិ ដើរប្រមូលអត្តសញ្ញាណប័ណ្ណ សូមប្រាបប់មកសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់ ព្រោះអាចគេយកទៅបង្កើតបទល្មើស
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋ បើមានបុគ្គលមិនស្គាល់ប្រវត្តិ ដើរប្រមូលអត្តសញ្ញាណប័ណ្ណ សូមមេត្តាប្រាបប់មកសមត្ថកិច្ច ដើម្បីចាត់វិធានការជាបន្ទាន់ ព្រោះអាចត្រូវបានគេយកទៅបង្កើតបទល្មើស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ពាក់ព័ន្ធនឹង ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្តីការក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានក្រើនរំលឹកពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បើមានគេមកសុំអត្តសញ្ញាប័ណ្ណ ឬយកព័ត៌មានផ្ទាល់ខ្លួន ជាពិសេសកុំជួលកុងធនាគាររបស់ខ្លួនឱ្យបុគ្គលដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ប្រើឱ្យសោះ ពីព្រោះងាយនឹងចាញ់បោកក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រ័ន្ធបច្ចេកវិទ្យា។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ បានគូសបញ្ជាក់ថា មានករណីមួយចំនួន គឺប្រជាពលរដ្ឋនៅតាមទីជនបទតែងតែជួបប្រទះចំពោះបញ្ហានេះ ពីព្រោះពួកគាត់មិនបានយល់ច្បាស់ទង្វើទុច្ចរិតរបស់ក្រុមជនខិលខូច និងត្រូវបានជនទុច្ចរិតនេះលួងលោម បោកប្រាស់ ជាថ្នូរនឹងការផ្តល់ថវិកាមួយចំនួន។ ប៉ុន្តែ ចំពោះបញ្ហានេះ គឺប្រជាពលរដ្ឋដែលរងគ្រោះមិនទទួលទោសទណ្ឌនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានលើកឡើងពីបទពិសោធន៍របស់លោកផ្ទាល់ ក៏ធ្លាប់ជួបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ ដោយក្រុមឧក្រិដ្ឋជនប្រើប្រាស់គណនីរបស់ក្រុមជាង ដើម្បីខ្ចីថវិកាថ្លៃសាងសង់ ប៉ុន្តែសម្រាប់គណនីធនាគារ មិនមែនឈ្មោះជាង ជាភាសាខ្មែរនោះទេ ប៉ុន្តែបែរជាចេញឈ្មោះបរទេសទៅវិញ៕