ព័ត៌មានជាតិ

ចិន បន្តអំពាវនាវឱ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា ចូលតុចរចាដើម្បីសន្តិភាព

image

ចិន៖ រដ្ឋាភិបាលចិន បានចេញមុខប្រឆាំងចំពោះការប្រើប្រាស់កម្លាំងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយចង្អុលបង្ហាញថា សកម្មភាពយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានការរអាក់រអួលដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្រ ហ័រម៉ូស (Hormuz)។ ចិនជឿជាក់ថា ការប្រើប្រាស់កម្លាំងបាយ មិនត្រឹមតែមិនអាចដោះស្រាយវិបត្តិបានឡើយ ប៉ុន្តែថែមទាំងធ្វើឱ្យសន្តិសុខថាមពលសកលធ្លាក់ក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ។

អ្នកនាំពាក្យក្រសួងការបរទេសចិន សង្កត់ធ្ងន់ថា មធ្យោបាយតែមួយគត់ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវទឹកអន្តរជាតិ គឺការបញ្ឈប់រាល់អរិភាព និងងាកមកប្រើប្រាស់តុចរចាដើម្បីស្វែងរកសន្តិភាពក្នុងតំបន់ឈូងសមុទ្រ។ ការអំពាវនាវនេះ កើតឡើងចំពេលដែលពិភពលោកកំពុងរងសម្ពាធពីតម្លៃប្រេងដែលបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលទ្ធផលផ្ទាល់ពីការវាយប្រហារសងសឹកគ្នារវាងមហាអំណាចក្នុងតំបន់ និងការរារាំងផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ ។

ក្រៅពីវិបត្តិនៅមជ្ឈិមបូព៌ា ទីក្រុងប៉េកាំង ក៏បានការពារឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ ដោយបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំជាមួយកោះ ឃុក (Cook) ចំពេលដែលមានការចុះកិច្ចព្រមព្រៀងការពារជាតិថ្មីរវាងកោះនេះជាមួយណូវែលសេឡង់។ ចិន បានជំរុញឱ្យមានការគោរពដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសដទៃ និងបញ្ជាក់ថា ទំនាក់ទំនងរបស់ខ្លួនជាមួយបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ធ្វើឡើងដើម្បីផលប្រយោជន៍រួម និងសន្តិភាព មិនមែនដើម្បីប្រឆាំងនឹងភាគីទីបីណាមួយឡើយ ។

ចិននៅតែបន្តដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាព ដោយបានបង្ហាញជំហរគាំទ្រដល់ការដោះស្រាយវិវាទតាមរយៈការពិភាក្សា មិនថាជាបញ្ហានៅមជ្ឈិមបូព៌ា ឬជម្លោះរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននោះទេ។ ទោះបីជាមានរបាយការណ៍អំពីការផ្ដល់ជំនួយថាមពលដល់ប្រទេសមួយចំនួនដូចជាវៀតណាម និងបង់ក្លាដែសក៏ដោយ ប៉ុន្តែចិននៅតែរក្សាភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការបញ្ចេញព័ត៌មានជាក់លាក់ ខណៈដែលខ្លួនកំពុងព្យាយាមដើរតួជាមហាអំណាចប្រកបដោយការទទួលខុសត្រូវលើឆាកអន្តរជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ Britannica