លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញ បានបង្ក្រាបបទល្មើស Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ក្នុងនោះ កាស៊ីណូ ចំនួន៩២កន្លែង
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញ បានបង្ក្រាបបទល្មើស Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំង ក្នុងនោះ រួមមាន កាស៊ីណូ ៩២ទីតាំងផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរៀបចំឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា នៅថ្ងៃនេះផ្ទាល់ ក្រុមមន្ត្រីជំនាញ និងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចុះទៅពិនិត្យទីតាំង Online Scams នៅច្រកម៉ឺនជ័យ ខេត្តព្រៃវែង ដោយកំពុងរង់ចាំលទ្ធផលសម្រេច។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សាធារណជន បន្តផ្ដល់ព័ត៌មានពីបទល្មើសទាំងនេះ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងស្ដារនូវកេរ្តិ៍ឈ្មោះ កិត្យានុភាពកម្ពុជាឡើងវិញ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ មានជនល្មើសស្កេមអនឡាញ ៩៣នាក់ បញ្ជូនទៅតុលាការ និងឃុំខ្លួនជាង៨០០នាក់ ខណៈដែលជិត ៧០០នាក់ទៀត មានដីកាតាមចាប់ ដែលស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យអន្តោប្រវេស្ត៕