ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សហការជាមួយសមត្ថកិច្ចបង្រ្កាបអនឡាញស្កេម ព្រោះជាគ្រោះថ្នាក់ធំសម្រាប់ប្រទេសកម្ពុជា

image

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មាននៅពេលមានការសង្ស័យអំពី សកម្មភាពអនឡាញស្កេម ដើម្បីរួមចំណែករក្សាកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បញ្ហាអនឡាញស្កេម កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ ក្នុងនោះ ករណីឃាតកម្មនៅខេត្តកំពត លើជនជាតិកូរ៉េខាងត្បូង ជាឧទាហរណ៍ដែលធ្វើឲ្យជនបរទេស ជាពិសេសភ្ញៀវទេសចរកូរ៉េ មានការភ័យខ្លាចក្នុងការធ្វើដំណើរមកកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងបន្ថែមថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ ដែលរងគ្រោះដោយសារឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា។ ឧក្រិដ្ឋកម្មនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ទាំងផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ ទាំងវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចព្រមទាំងលើកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ពីគ្រោះថ្នាក់សំខាន់ៗពីឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យារួមមាន គ្រោះថ្នាក់លើសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងការរីករាលដាលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ 

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានរំលឹកឡើងវិញពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរទប់ស្កាត់ និងបង្រ្កាបអនឡាញស្កេម តាំងពីនីតិកាលទី៦ នៃរដ្ឋសភា រហូតដល់នីតិកាលទី៧ នៃរដ្ឋសភា នាពេលបច្ចុប្បន្ន ហើយការអនុវត្តមិនមែនទើបតែចាប់ផ្តើមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការប្រឆាំងនឹងការឆបោកតាមបច្ចេកវិទ្យា គឺជាអាទិភាពសំខាន់ ដែលត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕