ព័ត៌មានជាតិ

សមត្ថកិច្ចបកស្រាយករណីចាប់ខ្លួនឈ្មោះ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង

image

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យ នាំខ្លួន លេខ ៤១៦ (ដ-ច-ន) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ជាមួយគ្នានេះជនត្រូវចោទបានប្រព្រឹត្តខុសវិន័យសង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីវរណាត់ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង។

សូមបញ្ជាក់ថា ការចាប់ខ្លួនជនត្រូវចោទ ខាងលើគឺសមត្ថកិច្ចបានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ព្រមទាំងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយ ឬសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលរាល់ការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូច ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមចោទសមត្ថកិច្ចថាការអនុវត្តច្បាប់ទៅលើជនត្រូវចោទជាការរំលោភបំពានសិទ្ធិសេរីភាព ដែលខ្លឹមសារនៃការចោទប្រកាន់បែបនេះគឺ គ្មានមូលដ្ឋានច្បាស់លាស់ដោយមិនផ្អែកលើអង្គហេតុពិតប្រាកដ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅតុលាការ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ៕