ចាប់ខ្លួនជនពាក់ព័ន្ធ១០៧នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ នៅកាស៊ីណូ ខេត្តស្វាយរៀង
ស្វាយរៀង៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។
ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កម្លាំងចម្រុះ បានរកឃើញជនបរទេស ១០៧នាក់(ស្រី២៦នាក់) សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី ២១នាក់ ស្រី៩នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល)។
ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍និងសម្ភារ រួមមាន កុំព្យូទ័រលើតុ ALL IN ONE ៨៩គ្រឿង កំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង MONITOR ១គ្រឿង ទូរសព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។
ផ្អែកតាមសកម្មភាពត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ ៤នាក់ បានប្រព្រឹត្តសកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈ វេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
ជនសង្ស័យ៤នាក់ បានកសាងសំណុំរឿង និងបញ្ជូន ទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និង២នាក់ទៀត បានប្រគល់ជនសង្ស័យចំនួន ២នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ ឱ្យទៅកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន ១០១នាក់ ផ្សេងទៀត បានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕