រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា បន្តសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពសេវា និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល នៅកម្ពុជា
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA)។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ លោក Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាច្រើននាពេលកន្លងមក ទាំងក្នុងនាមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុននៅព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានសមាគមជប៉ុន-កម្ពុជា។
លោក Fumiaki Takahashi បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព ហើយក្នុងនោះ សមាគមជប៉ុន-កម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ដឹកនាំក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះរួមទាំងសហគ្រាសធុនតូច និងមធ្យម (small and medium sized enterprises (SMEs) ដែលមានចំណាប់អារម្មណ៍ ចំពោះវិស័យសំខាន់ៗ នៅកម្ពុជា ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ទៅលើការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាប្រព័ន្ធ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា បន្តជួយសហការកៀររគរ វិនិយោគិនជប៉ុនទាំងផ្នែកឯកជន និងអង្គការសប្បុរសធម៌នានាបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគក៏ដូចជាជំនួយសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជាសំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក Fumiaki Takahashi បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុនសហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ