ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់យល់ព្រមឱ្យនាវាដឹកជញ្ជូនប្រេងរបស់ហ្វីលីពីន ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព

image

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបានទទួលជោគជ័យក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស (Hormuz)។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២ ខែមេសា។ ការព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យនាវា និងនាវិកជនជាតិហ្វីលីពីនទាំងអស់ អាចធ្វើដំណើរឆ្លងកាត់តំបន់ដែលមានជម្លោះនេះបានដោយសេរី គ្មានការរារាំង និងមានភាពរហ័សទាន់ចិត្ត ដែលជាចំណុចសំខាន់សម្រាប់ការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិ។

ការធានានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ដោយអ្នកការទូតជាន់ខ្ពស់ទាំងពីរបានជជែកគ្នាផ្ដោតលើសន្តិសុខនៃការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពរបស់នាវិកហ្វីលីពីន។ លទ្ធផលនៃជំនួបនេះត្រូវបានគេមើលឃើញថាជា "ការយោគយល់គ្នាជាវិជ្ជមាន" ដែលជួយសម្រាលភាពតានតឹងក្នុងតំបន់សម្រាប់ផលប្រយោជន៍របស់ហ្វីលីពីន ។

ការធានាពីសំណាក់អ៊ីរ៉ង់ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់ហ្វីលីពីន ព្រោះប្រទេសនេះពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត។ បើគ្មានការធានាសុវត្ថិភាពផ្លូវទឹកតាមច្រក Hormuz ទេ ហ្វីលីពីនអាចនឹងប្រឈមមុខនឹងការខ្វះខាតប្រេង និងជីកសិកម្មយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជីវភាពប្រជាជនទូទាំងប្រទេស។

ជំហានការទូតថ្មីនេះ នឹងជួយឱ្យការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រមកកាន់ទីក្រុងម៉ានីល មានភាពទៀងទាត់ និងស្ថិរភាពជាងមុន ទោះបីជាស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ានៅតែមានភាពមិនច្បាស់លាស់ក៏ដោយ។ នេះគឺជាជោគជ័យមួយរបស់ក្រសួងការបរទេសហ្វីលីពីន ក្នុងការការពារផលប្រយោជន៍ជាតិ និងកាត់បន្ថយហានិភ័យពីការឡើងថ្លៃនៃថាមពលសកល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Benoit Tessier via REUTERS/ Reuters/ IStock