ព័ត៌មានជាតិ

ជប៉ុន និងបារាំង ត្រៀមរៀបចំផែនការផ្គត់ផ្គង់រ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

image

ជប៉ុន-បារាំង៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៉ិឈិ (Sanae Takaichi) និងប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការបង្កើត "ផែនទីបង្ហាញផ្លូវ" សម្រាប់ផ្គត់ផ្គង់រ៉ែសំខាន់ៗ។ យុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សាររ៉ែកម្ររហូតដល់ ៩០% សម្រាប់ការចម្រាញ់ ដែលរ៉ែទាំងនេះ គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មបច្ចេកវិទ្យាទំនើប ។

មេដឹកនាំទាំងពីរ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន តាមរយៈការរឹតត្បិតការនាំចេញរ៉ែសំខាន់ៗ។ លោកស្រី តាកាអ៉ិឈិ (Takaichi) បានសង្កត់ធ្ងន់ថា កិច្ចសហការជាមួយប្រទេសដែលមានមនោគមវិជ្ជាដូចគ្នា គឺជារឿងចាំបាច់បំផុត ដើម្បីធានាសន្តិភាព និងវិបុលភាពក្នុងតំបន់ ចំពេលដែលបរិយាកាសសន្តិសុខអន្តរជាតិកំពុងមានភាពតានតឹងខ្លាំង ។

ក្រៅពីបញ្ហារ៉ែ ជប៉ុន និងបារាំង ក៏បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងថាមពលនុយក្លេអ៊ែរជំនាន់ថ្មី។ កិច្ចសហការនេះនឹងពង្រីកទៅដល់ការអភិវឌ្ឍម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរជំនាន់ថ្មី និងការរៀបចំកិច្ចប្រជុំកំពូល G7 ដែលបារាំងនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាខាងមុខ ដើម្បីធានាបាននូវជោគជ័យនៃរបៀបវារៈសកល ។

ផ្នែកសន្តិសុខក៏ជាចំណុចក្ដៅនៃកិច្ចពិភាក្សាផងដែរ ដោយប្រទេសទាំងពីរ បានបង្កើនការផ្លាស់ប្តូរយុទ្ធោបករណ៍ការពារជាតិ និងបច្ចេកវិទ្យាយោធា។ បារាំងដែលសម្បូរទៅដោយទឹកដីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែមានការប្រុងប្រយ័ត្នចំពោះសកម្មភាពយោធារបស់ចិន ដែលចំណុចនេះ ស្របគ្នាទៅនឹងក្តីបារម្ភរបស់ជប៉ុនចំពោះសន្តិសុខនៅសមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ ។

ចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ជប៉ុន និងបារាំង បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីរ៉ង់ដែលបានបិទច្រកសមុទ្រ Hormuz ជាសរសៃឈាមដឹកជញ្ជូនថាមពលពិភពលោក។ ប្រទេសទាំងពីរ បានបង្ហាញជំហរត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីធានាឱ្យបាននូវការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាដឹកប្រេង និងទំនិញ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាម ។

ដំណើរទស្សនកិច្ចរបស់លោក Macron លើកនេះ គឺជាការបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីដែលកំពុងវិវត្តពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លទ្ធផលនៃជំនួបនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ជប៉ុន និងបារាំង ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចបច្ចេកវិទ្យានៅក្នុងពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងលឿន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post | រូបភាព៖ AFP/ Shutter Stock.