ព័ត៌មានអន្តរជាតិ

លោក ត្រាំ ណែនាំឱ្យប្រទេសនានា ងាកមកទិញប្រេងពីសហរដ្ឋអាម៉េរិកវិញ ព្រោះអាម៉េរិកមានប្រភពថាមពលច្រើនលើសលប់ និងមានស្ថិរភាព

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់បណ្ដាប្រទេសសម្ព័ន្ធមិត្ត ដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកលែងមានតម្រូវការនាំចូលប្រេងតាមច្រកសមុទ្រហ័រម៉ូស (Hormuz) ទៀតហើយ។ លោកសង្កត់ធ្ងន់ថា អាម៉េរិកទទួលបានជោគជ័យក្នុងការវាយបង្ក្រាបអ៊ីរ៉ង់ឱ្យធ្លាក់ក្នុងស្ថានភាពទន់ខ្សោយបំផុត ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដែលធ្វើឱ្យតំបន់នោះលែងជាការគំរាមកំហែងធំដុំសម្រាប់អាម៉េរិកដូចមុនទៀតនោះទេ ។

លោក ត្រាំ បានជំរុញឱ្យប្រទេសដែលពឹងផ្អែកលើប្រេងពីមជ្ឈិមបូព៌ា ឱ្យចេញមុខមកទទួលខុសត្រូវការពារផ្លូវទឹកដោយខ្លួនឯង ដោយលោកប្រើពាក្យថា ពួកគេគួរតែ "កាន់កាប់ និងថែរក្សា" ច្រកសមុទ្រនោះដោយខ្លួនឯងចុះ។ លោកបានរិះគន់សម្ព័ន្ធមិត្តមួយចំនួនដែលមិនបានចូលរួមជាមួយអាម៉េរិកក្នុងការដោះស្រាយបញ្ហាអ៊ីរ៉ង់តាំងពីដំបូង ហើយឥឡូវនេះ លោកចង់ឱ្យពួកគេប្រើសេចក្តីក្លាហានដែលនៅសេសសល់ ដើម្បីការពារផលប្រយោជន៍ថាមពលរបស់ពួកគេ ។

ជាដំណោះស្រាយចំពោះវិបត្តិខ្វះប្រេងសកល លោក ត្រាំ បានណែនាំឱ្យប្រទេសទាំងនោះ ងាកមកទិញប្រេងពីសហរដ្ឋអាម៉េរិកវិញ ព្រោះអាម៉េរិកមានប្រភពថាមពលច្រើនលើសលប់ និងមានស្ថិរភាពជាង។ លោកយល់ឃើញថា នេះគឺជាឱកាសសម្រាប់អាម៉េរិកក្នុងការពង្រឹងសេដ្ឋកិច្ចតាមរយៈការនាំចេញថាមពល ខណៈពិភពលោកកំពុងជួបប្រទះភាពរអាក់រអួលនៃការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ា ។

លោក ត្រាំ ជឿជាក់ថា តម្លៃថាមពលសកលនឹងត្រឡប់មកមានស្ថិរភាពវិញក្នុងពេលឆាប់ៗ ក្រោយពេលជម្លោះត្រូវបានបញ្ចប់។ លោកជឿថា អ៊ីរ៉ង់ដែលកំពុងខ្ទេចខ្ទី នឹងគ្មានជម្រើសអ្វីក្រៅពីការបើកច្រកសមុទ្រឡើងវិញ ដើម្បីលក់ប្រេងយកថវិកាមកស្ដារប្រទេសជាតិឡើយ ដែលចំណុចនេះនឹងធ្វើឱ្យតម្លៃសាំងធ្លាក់ចុះមកវិញយ៉ាងលឿន និងជួយសម្រួលដល់សេដ្ឋកិច្ចពិភពលោកឡើងវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY