ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា អាម៉េរិកជាអ្នកផលិតប្រេងលើសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីតបូកបញ្ចូលគ្នាទៅទៀត

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីភាពជោគជ័យដ៏អស្ចារ្យនៃវិស័យថាមពលអាម៉េរិក ដោយអះអាងថា បច្ចុប្បន្ន អាម៉េរិកគឺជាអ្នកផលិតប្រេង និងឧស្ម័នលេខ ១ លើពិភពលោក។ លោកបញ្ជាក់ថា តាមរយៈគោលនយោបាយជំរុញការជីកយកប្រេងក្នុងស្រុក អាម៉េរិកមានសមត្ថភាពផលិតថាមពលបានច្រើនជាងមហាអំណាចប្រេង ដូចជា អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបូកបញ្ចូលគ្នាទៅទៀត ដែលនេះជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីមួយ ។

ភាពម្ចាស់ការលើផ្នែកថាមពលនេះ បានធ្វើឱ្យអាម៉េរិកលែងមានតម្រូវការនាំចូលប្រេងតាមរយៈច្រកសមុទ្រ ហ័រម៉ូស (Hormuz) ដែលជាផ្លូវទឹកដ៏គ្រោះថ្នាក់នៅមជ្ឈិមបូព៌ាទៀតហើយ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អាម៉េរិកមានប្រភពប្រេងបម្រុងយ៉ាងសន្ធឹកសន្ធាប់ទាំងក្នុងស្រុក និងការទទួលបានពីវេណេស៊ុយអេឡា ដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខថាមពលដ៏រឹងមាំសម្រាប់ពេលអនាគត ។

ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់ លោក ត្រាំ អះអាងថា យុទ្ធនាការយោធា និងសម្ពាធសេដ្ឋកិច្ចរបស់លោក បានធ្វើឱ្យអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពខ្ទេចខ្ទី និងទន់ខ្សោយបំផុត។ លោកយល់ឃើញថា អ៊ីរ៉ង់លែងជាការគំរាមកំហែងធំដុំទៀតហើយ ខណៈអាម៉េរិកបានសម្រេចគោលដៅក្នុងការបង្រ្កាបរបបដឹកនាំមួយនេះបានយ៉ាងជោគជ័យតាមរយៈកម្លាំងយោធាដ៏ទំនើបរបស់ខ្លួន។

លោកបានផ្ញើសារព្រមានទៅកាន់បណ្តាប្រទេសដែលពឹងផ្អែកលើប្រេងពីមជ្ឈិមបូព៌ា ឱ្យចេញមុខការពារច្រកសមុទ្រ Hormuz ដោយខ្លួនឯង។ លោកបានរិះគន់ប្រទេសដែលមិនព្រមចូលដៃជាមួយអាម៉េរិក ក្នុងការដោះស្រាយបញ្ហាអ៊ីរ៉ង់ ដោយលោកបញ្ជាក់ថា អាម៉េរិកនឹងមិនបន្តធ្វើជា "នគរបាល" ការពារផ្លូវទឹកឱ្យអ្នកដទៃដោយឥតគិតថ្លៃទៀតទេ ព្រោះអាម៉េរិកលែងមានតម្រូវការចាំបាច់នៅទីនោះទៀតឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY