កម្ពុជា និងធនាគារវិនិយោគ AIIB បាន និងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ប៊ីលានដុល្លារ
ភ្នំពេញ៖ កម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បាន និងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០៣០ ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ប៊ីលានដុល្លារអាម៉េរិក។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Zou Jiayi ប្រធាននិងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ក្នុងនាមជាសមាជិកស្ថាបនិកនៃ AIIB តាំងពីឆ្នាំ២០១៦មក, កម្ពុជា តែងទទួលបានការគាំទ្រជាបន្តបន្ទាប់ពី AIIB ក្នុងដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្រោមក្របខ័ណ្ឌឥណទាន និងហិរញ្ញប្បទានឥតសំណង។ ជាក់ស្តែង, ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩, AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជា តាមរយៈការផ្តល់ហិរញ្ញ-ប្បទាន ដែលបត់បែនខ្ពស់ ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជា។
បន្ថែមលើនេះ លោកអគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនិងមិនប្រាកដប្រជានៃសេដ្ឋកិច្ចសលកនាពេលបច្ចុប្បន្ន, ជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងវិបត្តិថ្មីផ្សេងទៀត, កម្ពុជាមានតម្រូវការក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់ការរក្សាលំនឹងនិងកំណើនប្រកបដោយចីរភាព។ ជាមួយគ្នានេះ, កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់។
លោកស្រី Zou Jiayi បានថ្លែងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាង AIIB និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក។ AIIB ប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្តរបស់ AIIB។
លោកស្រី បានបន្តថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅឈានដល់ការដាក់ឱ្យអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗ តាមឆ្នាំដែលបានគ្រោងទុក ។
លោកស្រី ក៏បានបន្ថែមផងដែរថា ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈក្នុងរយៈពេលមធ្យម និងវែង AIIB មានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមវិនិយោគលើវិស័យថាមពលនៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដែល AIIB បានបង្កើតឡើង រួមមានដូចជា Climate-Focused Policy-Based Financing ជាដើម។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ជាពិសេស ក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមាន ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលកម្ពុជាអាចទទួលយកបាន។
លោកអគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យ AIIB ជំរុញការអនុម័តបេក្ខភាពគម្រោងក្នុងឆ្នាំ២០២៦ និងកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានា ទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេងទៀត ដើម្បីជួយសម្រួលឱ្យកម្រិតសម្បទាននៃហិរញ្ញប្បទានពី AIIB ខ្ពស់ជាងមុន និងអាចទទួលយកបាន ស្របតាមយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។
លោកស្រី Zou Jiayi បានជម្រាបជូនថា AIIB តែងខិតខំកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានាតាមដែលអាចធ្វើបាន ហើយ AIIB ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ឆ្លើយតបវិបត្តិ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ លោកស្រី Zou Jiayi បានរំលេចផងដែរថា កម្ពុជាជាសមាជិកស្ថាបនិកដែលបានគាំទ្រការបង្កើត AIIB តាំងពីដំណាក់កាលដំបូង ហើយ AIIB មានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត