ព័ត៌មានអន្តរជាតិ

ចិន-ប៉ាគីស្ថាន រួមគ្នាដាក់ចេញនូវផែនការសន្តិភាព ៥ចំណុច ដើម្បីដោះស្រាយវិបត្តិនៅតំបន់មជ្ឈិមបូព៌ា

image

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី (Wang Yi) និងសមភាគីប៉ាគីស្ថាន មហាម៉េត អ៉ីសាក់ដា (Mohammad Ishaq Dar) បានបង្ហាញជំហររួមគ្នាយ៉ាងរឹងមាំ តាមរយៈការដាក់ចេញនូវផែនការសន្តិភាពចំនួន ៥ ចំណុច ដើម្បីឆ្លើយតបទៅនឹងវិបត្តិសង្គ្រាមដែលកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា ។

គំនិតផ្ដួចផ្ដើមនេះ រួមមាន ការបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់, ការចាប់ផ្ដើមចរចាសន្តិភាព, ការធានាសុវត្ថិភាពផ្លូវនាវាចរណ៍, ការមិនវាយប្រហារលើគោលដៅស៊ីវិល និងការផ្ដល់ជំនួយមនុស្សធម៌ និងស្ថិរភាពតំបន់ ដែលសុទ្ធតែជាចំណុចគន្លឹះក្នុងការនាំភាគីជម្លោះមករកតុចរចាឡើងវិញ ។

កិច្ចពិភាក្សានៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ គឺជាកិច្ចប្រជុំការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងបណ្ដាប្រទេសមូស្លីមសំខាន់ៗក្នុងតំបន់ ដែលមានបំណងចង់បញ្ឈប់ការរីករាលដាលនៃសង្គ្រាមមិនឱ្យកាន់តែធ្ងន់ធ្ងរជាងនេះ ។

មូលហេតុដែលធ្វើឱ្យមហាអំណាចអាស៊ីទាំងពីរចេញមុខខ្លាំងបែបនេះ គឺដោយសារតែសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ការបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនប្រេងសកល បានបណ្ដាលឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយបង្កជាវិបត្តិអតិផរណា និងការតវ៉ានៅតាមប្រទេសជាច្រើន ។

គំនិតផ្ដួចផ្ដើមរវាងចិន និងប៉ាគីស្ថាននេះ គឺជាក្តីសង្ឃឹមថ្មីមួយក្នុងការដោះស្រាយវិបត្តិដែលកំពុងតែស្មុគស្មាញ និងរីករាលដាលដល់ប្រទេសលីបង់។ បច្ចុប្បន្ន ពិភពលោកកំពុងរង់ចាំមើលថា តើភាគីជម្លោះនឹងទទួលយកក្របខណ្ឌសន្តិភាពនេះដែរឬទេ ដើម្បីបញ្ចៀសនូវវិនាសកម្មសេដ្ឋកិច្ច និងមនុស្សធម៌ដែលកំពុងតែដុនដាបទៅៗជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY