ទីក្រុង Nahariya ភាគខាងជើងអ៊ីស្រាអ៊ែល រងនូវការវាយប្រហារយ៉ាងចាស់ដៃ កាលពីយប់ថ្ងៃពុធ
អ៊ីស្រាអ៊ែល៖ ទីក្រុង ណាហារីយ៉ា (Nahariya) ភាគខាងជើងអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃពុធ បានទទួលរងនូវការវាយប្រហារយ៉ាងចាស់ដៃដោយគ្រាប់រ៉ុក្កែត និងមីស៊ីលជាច្រើនគ្រាប់។ ការបាញ់ប្លោងនេះ បានកើតឡើងចំពេលដែលប្រជាជនជ្វីហ្វកំពុងប្រារព្ធពិធីបុណ្យរំលងទាសភាព (ជាពិធីបុណ្យសាសនាដ៏សំខាន់មួយ) ដែលធ្វើឱ្យបរិយាកាសរីករាយ ប្រែទៅជាភាពភ័យខ្លាច និងភាពវឹកវរភ្លាមៗ ។
គេជឿថា សកម្មភាពវាយប្រហារនេះ គឺជាប្រតិបត្តិការរួមគ្នារវាងកងកម្លាំងអ៊ីរ៉ង់ និងក្រុមហេសបូឡា ដោយបានបាញ់មីស៊ីលបាលីស្ទិកយ៉ាងហោចណាស់ ១០ គ្រាប់សំដៅមកលើអ៊ីស្រាអ៊ែល។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងគ្រប់ទិសទី ដើម្បីដាស់តឿនឱ្យប្រជាពលរដ្ឋដែលកំពុងជួបជុំក្រុមគ្រួសារ ទទួលទានអាហារ បោះបង់ចោលកម្មវិធី ហើយរត់ទៅសម្ងំក្នុងទីជម្រកសុវត្ថិភាព ដើម្បីគេចពីគ្រាប់រ៉ុក្កែត ។
វិបត្តិនេះ គឺបណ្តាលមកពីអស្ថិរភាពនយោបាយសកល ជាពិសេសសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្រ និងការរអាក់រអួលនៅច្រកសមុទ្រហ័រម៉ូស (Hormuz) បានធ្វើឱ្យតម្លៃប្រេងឆៅសកលហក់ឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ។ ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់នោះទេ ប៉ុន្តែវាបានក្លាយជាបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសដទៃទៀតដែលពឹងផ្អែកលើការនាំចូលប្រេង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY