ពលរដ្ឋមីយ៉ាន់ម៉ា កំពុងប្រឈមបញ្ហា ខណៈរដ្ឋាភិបាលដាក់ចេញប្រព័ន្ធចាក់ប្រេង ថ្ងៃសេស-ថ្ងៃគូ ដើម្បីទប់ទល់កង្វះខាតប្រេងឥន្ធនៈ
មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាកំពុងធ្លាក់ចូលទៅក្នុងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ ដោយកាលពីថ្ងៃពុធ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតត្បិតការលក់ប្រេងឥន្ធនៈនៅតាមទីក្រុងធំៗ ជាពិសេសទីក្រុងរ៉ង់ហ្គូន (Yangon)។ វិធានការថ្មីនេះ តម្រូវឱ្យអ្នកបើកបរចាក់ប្រេងតាមថ្ងៃសេស ឬថ្ងៃគូ យោងតាមលេខសម្គាល់ស្លាកលេខយានយន្តរបស់ពួកគេ ដើម្បីសន្សំសំចៃប្រេងបម្រុងដែលមានកម្រិតតិចតួច ។
ស្ថានភាពនៅតាមស្ថានីយប្រេងឥន្ធនៈមានភាពច្របូកច្របល់ ដោយអ្នកបើកបរត្រូវតម្រង់ជួររង់ចាំយ៉ាងហោចណាស់ ៣ ម៉ោង ទើបអាចចាក់ប្រេងបាន។ ភាពខ្វះខាតនេះ បានបង្កជាផលវិបាកដល់ជីវភាពរស់នៅ និងការរកចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយអ្នកខ្លះត្រូវបង្ខំចិត្តជួលយានយន្តដទៃជិះក្នុងថ្ងៃដែលស្លាកលេខខ្លួនមិនអាចប្រើប្រាស់បាន ។
មូលហេតុចម្បងនៃវិបត្តិនេះ គឺបណ្តាលមកពីអស្ថិរភាពនយោបាយសកល ជាពិសេសសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្រ និងការរអាក់រអួលនៅច្រកសមុទ្រហ័រម៉ូស (Hormuz) បានធ្វើឱ្យតម្លៃប្រេងឆៅសកលហក់ឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ។ ភាពតានតឹងនេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខក្នុងតំបន់នោះទេ ប៉ុន្តែវាបានក្លាយជាបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសដទៃទៀតដែលពឹងផ្អែកលើការនាំចូលប្រេង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY