ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញឱ្យប្រទេសដទៃការពារច្រកសមុទ្រ Hormuz ដោយខ្លួនឯងចុះ ខណៈអាម៉េរិកត្រៀមដកខ្លួនចេញហើយ

image

សហរដ្ឋអាម៉េរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាម៉េរិកកំពុងត្រៀមដកខ្លួនចេញពីការការពារសន្តិសុខនៅច្រកសមុទ្រហ័រម៉ូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតក្នុងពិភពលោក។ លោកត្រាំ សង្កត់ធ្ងន់ថា ប្រទេសដែលទទួលបានផលប្រយោជន៍ពីផ្លូវទឹកនេះ ដូចជាចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប គួរតែចេញមុខមកការពារសុវត្ថិភាពដោយខ្លួនឯង ព្រោះអាម៉េរិកបានចំណាយពេល និងកម្លាំងទ័ពការពារឱ្យពួកគេច្រើនណាស់មកហើយ ។

លោក ត្រាំ ក៏បានលើកឡើងពីភាពជោគជ័យនៃកម្លាំងយោធាអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដោយបានរំឭកពីការវាយលុកនៅប្រទេសវេណេហ្ស៊ូអេឡា ដែលលោកអះអាងថាបានឈ្នះសង្គ្រាមក្នុងពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ។ ជ័យជម្នះនេះ បានធ្វើឱ្យអាម៉េរិកអាចគ្រប់គ្រងធនធានប្រេងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយបូកបញ្ចូលទាំងប្រេងរបស់ខ្លួនផ្ទាល់ ធ្វើឱ្យអាម៉េរិកគ្រប់គ្រងចំណែកទីផ្សារប្រេងរហូតដល់ ៥៩% នៃពិភពលោក និងលែងមានតម្រូវការចាំបាច់ក្នុងការដណ្តើមយកប្រេងពីអ៊ីរ៉ង់ទៀតហើយ ។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក ត្រាំ បញ្ជាក់ថា យុទ្ធនាការយោធារបស់អាម៉េរិក រួមទាំងការប្រើប្រាស់យន្តហោះ B2 បានធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង ពីមហាអំណាចប្រចាំតំបន់មកជាប្រទេសដែលគ្មានកម្លាំងតដៃទាល់តែសោះ។ លោកមានមោទនភាពចំពោះការជួយផ្លាស់ប្តូររបបដឹកនាំ ដោយគោលដៅចម្បងរបស់លោកគឺគ្រាន់តែចង់ធានាថា អ៊ីរ៉ង់នឹងមិនអាចមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរមកគំរាមកំហែងពិភពលោកបានឡើយ ។

ជាមួយគ្នានេះ លោកក៏បានរិះគន់ចំៗទៅលើសម្ព័ន្ធមិត្តមួយចំនួន ជាពិសេសកូរ៉េខាងត្បូង ដែលលោកយល់ថា មិនបានជួយជ្រោមជ្រែងអាម៉េរិកឱ្យបានសមស្របតាមកិច្ចខិតខំប្រឹងប្រែងឡើយ។ លោក ត្រាំ បានបង្ហាញជំហរថា អាម៉េរិកលែងចង់ដាក់ជីវិតទាហានរាប់ម៉ឺននាក់ឱ្យប្រឈមនឹងគ្រោះថ្នាក់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចឱ្យប្រទេសដទៃទៀតហើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters