លោក ត្រាំ លើកឡើងថា ទំនាក់ទំនងរវាងអាម៉េរិកជាមួយរុស្ស៊ី មានភាពរឹងមាំជាងសម្ព័ន្ធមិត្តណាតូ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានរិះគន់អង្គការណាតូ (NATO) ជាថ្មីម្ដងទៀត ចំពោះភាពបរាជ័យក្នុងការបញ្ជូនកងទ័ពជើងទឹកមកជួយអាម៉េរិកភ្លាមៗ នៅក្នុងសង្គ្រាមនាតំបន់មជ្ឈិមបូព៌ា ។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺលោក ត្រាំ បានប្រៀបធៀបថា ទំនាក់ទំនងរបស់អាម៉េរិកជាមួយ មហាអំណាចរុស្ស៊ី គឺមានភាពរឹងមាំ និងល្អប្រសើរជាងទំនាក់ទំនងជាមួយដៃគូ ណាតូ (NATO) ទៅទៀត។ ការលើកឡើងបែបនេះ បានបើកផ្លូវឱ្យមានការវិភាគថា ទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោក ត្រាំ អាចនឹងពិចារណាដកខ្លួនចេញពីអង្គការ NATO ទាំងស្រុងក្នុងពេលឆាប់ៗ ប្រសិនបើសម្ព័ន្ធមិត្តមិនបង្ហាញជំហរគាំទ្រអាម៉េរិកឱ្យបានសកម្មជាងនេះ ។
ក្រៅពីការរិះគន់ NATO លោក ត្រាំ ក៏បានវាយប្រហារលើគោលនយោបាយរបស់អតីតរដ្ឋបាលលោក ចូ បៃដិន (Joe Biden) ចំពោះការចំណាយថវិកា ៣៥០ ពាន់លានដុល្លារ និងគ្រាប់រំសេវយ៉ាងច្រើនទៅឱ្យប្រទេសអ៊ុយក្រែន។ លោកយល់ឃើញថា នេះគឺជាការខាតបង់ដែលធ្វើឱ្យអាមេរិកខ្វះខាតអាវុធសម្រាប់ការពារខ្លួនឯង ហើយលោកបានគំរាមថានឹងបញ្ឈប់ការផ្ដល់ជំនួយយោធា ប្រសិនបើអឺរ៉ុបមិនព្រមចូលរួមជួយអាមេរិកក្នុងការដោះស្រាយវិបត្តិផ្លូវទឹកក្នុងតំបន់មជ្ឈិមបូព៌ា ។
ជាការឆ្លើយតប ប្រទេសអឺរ៉ុបសំខាន់ៗរួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបង្ហាញសញ្ញាសម្របសម្រួលខ្លះ ដោយប្រកាសពីបំណងចូលរួមក្នុងបេសកកម្មអន្តរជាតិដើម្បីការពារសន្តិសុខនៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ គោលបំណងនេះនឹងធ្វើឡើង រហូតទាល់តែជម្លោះនាពេលបច្ចុប្បន្នត្រូវបានបញ្ចប់ ដោយនេះនៅតែជាចំណុចខ្វែងគំនិតគ្នាជាមួយលោក ត្រាំ ដែលចង់បានការជួយជ្រោមជ្រែងជាបន្ទាន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Shutter Stock