ព័ត៌មានអន្តរជាតិ

ក្រោយរង់ចាំអស់រយៈពេល ៤០ឆ្នាំ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នឹងឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បន្ទាប់ពីយកឈ្នះបូលីវី

image

អ៊ីរ៉ាក់៖ ពលរដ្ឋអ៊ីរ៉ាក់កំពុងបង្ហាញនូវភាពសប្បាយរីករាយ បន្ទាប់ពីក្រុមជម្រើសជាតិអ៊ីរ៉ាក់បានយកឈ្នះក្រុមបូលីវីក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងវគ្គជម្រុះចុងក្រោយ។ ជ័យជម្នះនេះ បានជួយឱ្យអ៊ីរ៉ាក់ទទួលបានសិទ្ធិឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលជាការវិលត្រឡប់មកវិញដ៏អស្ចារ្យបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨៦ ។

នៅទូទាំងរដ្ឋធានីបាកដាដ អ្នកគាំទ្ររាប់ម៉ឺននាក់បាននាំគ្នាចេញមកលើដងផ្លូវ ដោយមានកាន់ទង់ជាតិ និងឧបករណ៍តន្ត្រីដើម្បីអបអរសាទរ។ សម្រាប់ប្រជាជនអ៊ីរ៉ាក់ជាង ៤០ លាននាក់ ជោគជ័យនេះមិនមែនត្រឹមតែជាការឈ្នះការប្រកួតបាល់ទាត់ធម្មតានោះទេ ប៉ុន្តែវាគឺជាការសម្រេចបាននូវសុបិនដ៏ធំមួយដែលពួកគេបានរង់ចាំអស់ជាច្រើនជំនាន់មកហើយ ។

នៅក្នុងការប្រកួតដ៏តានតឹងនោះ អ្នកដែលជួយឱ្យអ៊ីរ៉ាក់សម្រេចជោគជ័យនេះ គឺកីឡាករ អាលី អាល់ហាម៉ាឌី (Ali Al-Hammadi) និងអៃម៉ាន យ៉ាហ៍យ៉ា (Ayman Yahya)។ ការវិលត្រឡប់ទៅកាន់ឆាកលំដាប់ពិភពលោកលើកនេះ អ៊ីរ៉ាក់នឹងត្រូវឈរក្នុងពូលទី ៩ ដែលជាពូលដ៏លំបាកមួយ ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងៗមកពីអឺរ៉ុប និងអាហ្វ្រិក រួមមាន បារាំង ន័រវែស និងសេណេហ្គាល់ ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោក World Cup ឆ្នាំ ២០២៦ ដែលនឹងត្រូវរៀបចំរួមគ្នាដោយសហរដ្ឋអាម៉េរិក ម៉ិកស៊ិកកូ និងកាណាដា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់អ៊ីរ៉ាក់ក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន។ ការប្រកួតដែលនឹងចាប់ផ្តើមពីខែមិថុនា ឆ្នាំ ២០២៦ នេះ ត្រូវគេរំពឹងថា នឹងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ជាពិសេសការតាមដានពីសំណាក់អ្នកគាំទ្រក្នុងតំបន់អាស៊ីដែលចង់ឃើញអ៊ីរ៉ាក់បង្កើតភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព​ | រូបភាព៖ VIORY