ព័ត៌មានជាតិ

រាល់បទល្មើសដែលកើតឡើងនៅរាជធានីភ្នំពេញ មាន៩៦% ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបាន

image

ភ្នំពេញ៖ រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦% ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ សមិទ្ធផលទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនិងបានពីការជួយពីកាំម៉េរ៉ាសុវត្ថិភាព។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។


លោក ប៊ុន ហុន បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញដែលរាល់បទល្មើសផ្សេងៗបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើស កម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថា រាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងបានស្ទើ១០០% នៃបទល្មើសដែលបានកើតឡើងនេះ គឺបានមកពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង និងក៏បានជួយពីកាំម៉េរ៉ាសុវត្ថិភាពផង។

លោក ប៊ុន ហុន បានបន្តទៀតថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋចេញ ចូល ស្នាក់នៅច្រើន មានភាពស្មុកស្មាញច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញនៅតែរក្សា និងគ្រប់គ្រងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត។ រាជធានីភ្នំពេញ ជាក្រុងដែលមានសុវត្ថិភាពល្អជាងគេ បើប្រៀបធៀបជាមួយទីក្រុងគេផ្សេងៗនៃបណ្តាប្រទេសនៅលើពិភពលោក។


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងសកម្ម ទាំងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស បង្ក្រាបក្មេងទំនើង ជាដើម ពិសេស ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ជាក់ស្តែងក្នុងឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបង្ល្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៤៦៣ករណី/៤៧៣ ថយចុះជាង១០ករណី បង្ក្រាបបទល្មើសបាន ៤៤៨ករណី ស្មើនិង៩៦% ឃាត់ខ្លួនមនុស្សបានចំនួន ៦១៧នាក់។


លោក ឃួង ស្រេង បានបន្តថា ចំពោះការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានី បានចុះពិនិត្យរដ្ឋបាលបានចំនួន១២៤៣២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៩២៩៥០នាក់ (ស្រី២៧១៣៤នាក់) ស្មើនឹ ង៧៥សញ្ជាតិ ជាមួយនឹងការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន១២១ករណី ឃាត់ខ្លួនមនុស្សបានចំនួន២២៨៤នាក់ (ស្រី៤៩០នាក់) ស្មើនឹង១៨សញ្ជាតិ។

បើទោះបីបាននិងកំពុងអនុវត្តការងារខាងលើបានល្អប្រសើរយ៉ាងណាក្តី អាជ្ញាធរក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែមថែមទៀតផងដែរ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕