អភិបាលខេត្តកណ្តាល ណែនាំក្រុមការងារ ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូង ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងគុណភាព
កណ្តាល៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក គួច ចំរើន បានណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។
គួរបញ្ជាក់ដែរថា តាមមន្ត្រីជំនាញបច្ចេកទេស បានឲ្យដឹងថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងសាងសង់ដោយយកចិត្តទុកដាក់ និងមិនមានអ្វីរំខានឡើយ ដោយគ្រោងបញ្ចប់ការសាងសង់ តាមកាលវិភាគដែលបានគ្រោងទុកនាពេលខាងមុខនេះ៕
អត្ថបទ ឈុន សុភ័ក្រ