សមាជិកសភាថៃ ជំរុញរដ្ឋាភិបាលឱ្យដោះស្រាយជាបន្ទាន់ ខណៈខ្យល់កខ្វល់កំពុងវាយប្រហារខេត្តភាគខាងជើង
ប្រទេសថៃ៖ សភាតំណាងរាស្ត្រថៃ កាលពីថ្ងៃពុធ បានបើកការជជែកដេញដោលយ៉ាងក្តៅគគុកអំពីវិបត្តិខ្យល់កខ្វក់ PM2.5 ដែលកំពុងវាយលុកខ្លាំងនៅខេត្តចំនួន ៩ ភាគខាងជើងប្រទេសនេះ។ គេចាត់ទុកថា ស្ថានភាពបច្ចុប្បន្ន គឺជាគ្រោះមហន្តរាយសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបំផ្លាញសេដ្ឋកិច្ច និងសោភ័ណភាពនៃវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងនោះទៀតផង ។
នៅក្នុងខេត្តឈៀងម៉ៃ កម្រិតធូលីពុលបានហក់ឡើងដល់ចំណុចគ្រោះថ្នាក់បំផុតដែលមិនធ្លាប់មាន ដោយកន្លែងខ្លះមានរហូតដល់ ៧០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ស្ថានភាពនេះបានរុញច្រានឱ្យកុមារ និងមនុស្សចាស់ជាច្រើន ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលចំណុចនេះបានធ្វើឱ្យសមាជិកសភាបក្សប្រឆាំងទាមទារឱ្យរដ្ឋាភិបាលប្រកាសតំបន់នោះជា "តំបន់គ្រោះមហន្តរាយ" ដើម្បីទទួលបានកញ្ចប់ថវិកា និងវិធានការសង្គ្រោះបន្ទាន់ ។
ដើម្បីដោះស្រាយបញ្ហានេះ សភាតំណាងរាស្ត្រមណ្ឌលឈៀងម៉ៃ មកពីគណបក្សប្រជាជន លោក ផាត់តារាពុង លីឡាផាត់ (Phattarapong Leelaphat) បានស្នើឱ្យមានយុទ្ធសាស្ត្រច្បាស់លាស់ ចាប់ពីការផ្តល់ជំនួយបច្ចេកទេស និងសម្ភារការពារដល់អ្នកធ្វើការនៅខាងក្រៅ រហូតដល់ការបង្កើតតំបន់សុវត្ថិភាព ក្នុងសហគមន៍។ អ្វីដែលសំខាន់បំផុតនោះ គឺការជំរុញឱ្យមានច្បាប់ខ្យល់បរិសុទ្ធ (ដើម្បីគ្រប់គ្រង និងកាត់បន្ថយការបំពុលបរិយាកាស) និងការចរចាជាមួយប្រទេសជិតខាងក្នុងក្របខណ្ឌអាស៊ាន ដើម្បីទប់ស្កាត់ការបំពុលផ្សែងពុលឆ្លងដែន ។
ការជជែកដេញដោលនេះ គឺជាសម្ពាធនយោបាយដ៏ធំមួយទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ឱ្យបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិបរិស្ថាន។ ប្រសិនបើគ្មានសកម្មភាពជាក់ស្តែងណាមួយកើតឡើងមុនពាក់កណ្តាលខែឧសភាទេ នោះរដ្ឋបាលដែលទទួលបន្ទុកកិច្ចការបរិស្ថាននឹងត្រូវប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងពីសំណាក់មហាជន និងអ្នកនយោបាយជុំវិញការខកខានក្នុងការការពារខ្យល់បរិសុទ្ធសម្រាប់ពលរដ្ឋ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Facebook/ NBC News