ព័ត៌មានជាតិ

ចាប់ខ្លួនជនបរទេស ២០នាក់ នៅខណ្ឌសែនសុខ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់

image

ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ (ស្ត្រី ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាង មានដូចជា ទូរសព្ទដៃ ៨៤៦គ្រឿង, ធុង CPU ៥១គ្រឿង, អេក្រង់ MONITOR ចំនួន ៥៤គ្រឿង, ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯសម្ភារវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONE ៣១គ្រឿង, ធុង CPU ចំនួន ២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះធ្វើឡើងក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការធ្វើកោសល្យវិច័យលើសម្ភារវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរសព្ទដៃសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាឡឺម៉ង់ សហរដ្ឋអាមេរិក និងតំបន់អ៊ឺរ៉ុប។ បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់៕