សភាពាណិជ្ជកម្មខេត្តចំនួន ២របស់កម្ពុជា បានចុះហត្ថលេខាលើលិខិតរួមគ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ប្រចាំទីក្រុងហូជីមីញ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចទ្វេភាគី
ហូជីមីញ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ បានចុះហត្ថលេខាលើលិខិតរួមគ្នា ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ប្រចាំទីក្រុងហូជីមីញ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចទ្វេភាគី។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅរសៀលថ្ងៃទី១ ខែមេសា នាទីស្នាក់ការសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ប្រចាំទីក្រុងហូជីមីញ ក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាម។
លិខិតរួមគ្នាទាំងពីរ (Letter of Intent) ត្រូវបានចុះហត្ថលេខាដោយឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ ជាមួយលោក TRAN NGOC LIEM (ត្រឹន ង៉ុកលៀម) អគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ប្រចាំទីក្រុងហូជីមីញ។
លិខិតរួមគ្នាទាំងពីរនេះ ជាការបង្ហាញចេតនាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដ៏មានប្រយោជន៍រវាងសហគមន៍ធុរកិច្ចនៃខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្របតាមផលប្រយោជន៍ទៅវិញទៅមក ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ។
តាមរយៈលិខិតនេះ ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចទ្វេភាគីរវាងខេត្តកំពង់ស្ពឺ មណ្ឌលខេត្តកំពង់ធំ និងព្រះវិហារ និងទីក្រុងហូជីមិញ តាមរយៈកិច្ចសហប្រតិបត្តិការ ដូចជា សម្រួលដល់ការតភ្ជាប់កាន់តែប្រសើរឡើងរវាងសមាជិកនៃស្ថាប័នទាំងពីរ ដើម្បីលើកទឹកចិត្តដល់ការបណ្តាក់ទុនរួមគ្នា ភាពជាដៃគូ និងឱកាសពាណិជ្ជកម្ម។ ការផ្លាស់ប្តូរព័ត៌មានមិនសម្ងាត់ និងមិនមែនជាកម្មសិទ្ធិទាក់ទងនឹងនិន្នាការទីផ្សារ ឱកាសវិនិយោគ និងបទប្បញ្ញត្តិពាណិជ្ជកម្មនៅក្នុងតំបន់ទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរ សន្យាគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ការតាំងពិព័រណ៍ វេទិកាពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្ម (B2B), សហការគ្នាដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងមជ្ឈមណ្ឌលឧស្សាហកម្មទីក្រុងហូជីមិញ ដើម្បីទាក់ទាញការវិនិយោគឆ្លងដែនទៅវិញទៅមក។
ក្រៅពីនេះ ភាគីទាំងពីរ បានសន្យាផ្តល់ការគាំទ្រដល់គណៈប្រតិភូធុរកិច្ចដែលមកពីសភាពាណិជ្ជកម្មរៀងៗខ្លួន ដែលមកចូលរួមកិច្ចប្រជុំ ឬមានជំនួបពាណិជ្ជកម្ម ព្រមទាំងចែករំលែកការអនុវត្តល្អបំផុតលើការគ្រប់គ្រងសភាពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងដែនសមត្ថកិច្ចទាំងពីរ។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មវៀតណាម សាខាទីក្រុងហូជីមិញ (VCCI-HCM) គឺជាអង្គការតំណាងសម្រាប់សហគមន៍អាជីវកម្មនៅក្នុងទីក្រុងហូជីមិញ និងខេត្តចំនួន៦ ផ្សេងទៀតនៅភាគខាងត្បូង រួមមាន ខេត្តឡាំដុង តៃនិញ ប៊ិញភឿក ឡុងអាន ប៊ិញឌឿង និងដុងណៃ។ បច្ចុប្បន្ន សាខានេះ មានសមាជិកជាង ៣០០០នាក់ រួមទាំងក្រុមហ៊ុន និងសមាគមអាជីវកម្មនៅក្នុងវិស័យជាច្រើន។
ដោយធ្វើប្រតិបត្តិការនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង, សភាពាណិជ្ជកម្មវៀតណាម សាខាទីក្រុងហូជីមិញ ជាដៃគូរបស់អាជីវកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយដៃគូក្នុងស្រុក និងបរទេស។
គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕