ព័ត៌មានជាតិ

ក្រសួងបរិស្ថានបន្តទប់ស្កាត់ទឹកកខ្វក់កើនឡើងជាង ២៦លានម៉ែត្រគូប ចាប់ពីឆ្នាំ២០២៥

image

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៦ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ៦ ៣៩៣ ៥០០ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក នៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០លានម៉ត្រែគូប។ សរុបមកគិតចាប់ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង ២៦លាមម៉ត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ ដដែល រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យ ចំនួន ៦៨ទីតាំង។

ក្រសួងបរិស្ថានលើកទឹកចិត្តដល់ក្រុមហ៊ុន រោងចក្រនានា ដែលមានសក្តានុពលប្រភពបំពុលចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចូលរួមទប់ស្កាត់ ការបំពុលទឹក ដី និងខ្យល់ ធានាការពារបានគម្របបៃតងឱ្យមានការកើនឡើងច្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព៕