ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជម្រាបសម្តេចធិបតីពីការប្ដេជ្ញាគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី
————
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានលើកឡើងថា “កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត”។នេះជាការលើកឡើងរបស់លោកស្រី ជូ ចៃអ៉ី (Zou Jiayi )ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ លោកស្រីប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោកស្រីបានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។ សម្ដេចធិបតីបានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕