ព័ត៌មានអន្តរជាតិ

រុស្ស៊ីបញ្ជូនប្រេងរាប់ម៉ឺនតោនជួយគុយបា ចំពេលគុយបាយល់ព្រមចរចាជាមួយអាម៉េរិក ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌

image

រុស្ស៊ី៖ នាវាដឹកប្រេងដ៏ធំរបស់រុស្ស៊ីឈ្មោះ អាណាតូលី កូលូគីន (Anatoly Kolodkin) កាលពីថ្ងៃអង្គារ បានដឹកជញ្ជូនប្រេងឆៅចំនួន ១០ ម៉ឺនតោន (ប្រហែល ៧៣ ម៉ឺនបារ៉ែល) ទៅដល់កំពង់ផែ ម៉ាតាន់ហ្សាស់ (Matanzas) ក្នុងប្រទេសគុយបា។ ការមកដល់នៃនាវាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះគុយបា ដែលកំពុងធ្លាក់ក្នុងវិបត្តិថាមពលយ៉ាងស្មុគស្មាញ បន្ទាប់ពីទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់ផ្លូវថាមពលពីសំណាក់សហរដ្ឋអាម៉េរិក ។

រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់គុយបា លោក វីនសេន ដឺ ឡា អូ ឡេវី (Vicente de la O Levy) បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលទីក្រុងមូស្គូ ដែលបានផ្តល់ជំនួយទាន់ពេលវេលា។ ចំណែកឯប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញជំហរសម្របសម្រួលខ្លះដែរ ដោយលោកបញ្ជាក់ថា អាម៉េរិកមិនជំទាស់ឡើយចំពោះការដែលគុយបាទទួលបានប្រេងពីប្រទេសដទៃ ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនគុយបា ។

វិបត្តិថាមពលនៅគុយបាបានកាន់តែដុនដាបខ្លាំងឡើងៗ បន្ទាប់ពីបាត់បង់ប្រភពផ្គត់ផ្គង់ចម្បងពីប្រទេសវេណេហ្ស៊ូអេឡា ដែលជាលទ្ធផលនៃប្រតិបត្តិការយោធារបស់អាម៉េរិក កាលពីដើមខែមករា រហូតឈានដល់ការចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងឡាហាវ៉ាន់ ។

ទោះបីជាមានភាពរកាំរកូសផ្នែកនយោបាយក៏ដោយ ក៏មានសញ្ញាវិជ្ជមានខ្លះបានលេចឡើង ខណៈដែលរដ្ឋាភិបាលគុយបា កាលពីដើមខែមីនា បានយល់ព្រមពិភាក្សាជាមួយសហរដ្ឋអាម៉េរិក។ ការចរចានេះ មានគោលដៅសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ និងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ដែលអាចនឹងកើតមានឡើង ប្រសិនបើកង្វះខាតថាមពលនៅតែបន្តអូសបន្លាយ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ Shutter Stock