រថយន្តប្រហែល ៧០០ គ្រឿងត្រូវបំផ្លិចបំផ្លាញ ក្នុងហេតុការណ៍ភ្លើងឆេះឃ្លាំងនៅប្រទេសម៉ិកស៊ិកកូ
ម៉ិកស៊ិកកូ៖ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះឃ្លាំងស្តុករថយន្តឯកជនមួយកន្លែង ស្ថិតក្នុងតំបន់សាន់អាន់តូនីញ៉ូ (San Antonio) ជាយក្រុងអាកាលពូលកូ (Acapulco) ប្រទេសម៉ិកស៊ិកកូ កាលពីថ្ងៃអង្គារ ដោយបានបំផ្លាញរថយន្តអស់ប្រហែល ៧០០ គ្រឿង ។
វីដេអូពីទីកន្លែងកើតហេតុ បានបង្ហាញពីអណ្តាតភ្លើងដែលកំពុងលេបត្របាក់ជួររថយន្តជាច្រើន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ ព្យាយាមយ៉ាងខ្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍។ អង្គភាពគ្រប់គ្រងហានិភ័យ និងការពារស៊ីវិល បញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីតទល់នឹងអណ្តាតភ្លើង ហើយគិតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថាតើមានអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ។
ភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែមានខ្យល់បោកបក់ខ្លាំង និងមានស្មៅក្រៀមស្វិតនៅជុំវិញនោះ ដែលបង្ខំឱ្យអាជ្ញាធរបិទផ្លូវ អាកាលពូលកូ-ពីណូតេប៉ា (Acapulco-Pinotepa) ដែលជាផ្លូវជាតិដ៏មមាញឹកមួយខ្សែ។ ចរាចរណ៍ត្រូវបានផ្អាកអស់រយៈពេលជាច្រើនម៉ោង ព្រោះតែផ្សែងហុយខ្លាំងបាំងជិតភ្នែកមើលមិនឃើញផ្លូវ ។
រហូតមកដល់ពេលនេះ អាជ្ញាធរម៉ិកស៊ិកកំពុងបន្តការស៊ើបអង្កេត និងវាយតម្លៃដើម្បីកំណត់ចំនួនរថយន្តដែលរងគ្រោះឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យកើតមានអគ្គិភ័យនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY